(កូរ៉េ)៖ ថ្មីៗនេះ គេហទំព័រ Analyst បានចេញរបាយការណ៍ពីលទ្ធផលការព្យាករណ៍របស់ពួកគេថា ក្រុមចម្រៀង K-POP ល្បីឈ្មោះ BTS ដែលមានសមាជិក៧នាក់ នឹងចូលបំពេញកាតព្វកិច្ចយោធាទាំងក្រុមតែម្តង ក្នុងឆ្នាំ២០២២ ដើម្បីកាត់បន្ថយគម្លាតនៃការបញ្ចេញអាល់ប៊ុមរបស់ពួកគេ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

របាយការណ៍ព្យាករណ៍ពី Analyst បានសរសេរថា «យើងរំពឹងថា សមាជិក BTS ទាំងអស់នឹងចូលរួមជាមួយគ្នា ក្នុងការបំពេញកាតព្វកិច្ចយោធា នៅពាក់កណ្តាលឆ្នាំ២០២២ ខណៈការសម្រាកពិតប្រាកដ នឹងមានរយៈពេលប្រហែលជា១ឆ្នាំ...»។ យ៉ាងណាមិញ ជុំវិញព័ត៌មាននេះ ផលិតកម្មដែលក្រុម BTS កំពុងជ្រកកោន គឺ Big Hit មិនទាន់ចេញសេចក្តីថ្លែងការណ៍លំអិតណាមួយឡើយ គ្រាន់តែឆ្លើយតបយ៉ាងខ្លីថា ពួកគេគ្មានយោបល់អ្វីទាំងអស់លើដំណឹងនេះ។

គួរជម្រាបថា របាយការណ៍ព្យាករណ៍ខាងលើ ត្រូវបានបញ្ចេញ ស្របពេលដែលក្រសួងការពារជាតិកូរ៉េ បានធ្វើការកែសម្រួល ឲ្យមានការពន្យារពេល នៃការចូលបំពេញកាតព្វកិច្ចយោធារបស់សិល្បករល្បីៗ ដោយពួកគេអាចស្នើសុំពន្យាពេល រហូតដល់អាយុ៣០ឆ្នាំ។ ទន្ទឹមគ្នានេះ បើសិនបើក្រុម BTS ធ្វើការពន្យារពេលចូលបំពេញកាតព្វកិច្ចយោធានោះ លោក Jin ដែលជាសមាជិកមានវ័យច្រើនជាងគេក្នុងក្រុម និងអាចពន្យារពេលបានដល់ឆ្នាំ២០២២ ហេតុនេះហើយ ប្រសិនបើពួកគេចូលបំពេញកាតព្វកិច្ចយោធាទាំងក្រុម គឺអាចក្នុងឆ្នាំ២០២២ តែម្តង៕