(បរទេស)៖ ខណៈកម្មវិធី Tik Tok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន ByteDance កំពុងតែមានប្រជាប្រិយភាពខ្លាំង ដោយមានមនុស្សរាប់លាននាក់នៅលើពិភពលោក កំពុងប្រើប្រាស់ជារៀងរាល់ថ្ងៃនោះ កម្មវិធីមួយនេះក៏បានប្រែក្លាយជីវិតមនុស្សមួយចំនួនធំ ឲ្យក្លាយជាមហាសេដ្ឋីទាំងវ័យក្មេងផងដែរ តាមរយៈការរកចំណូលបានរាប់លានដុល្លារ។ ជាក់ស្តែង នារីវ័យ១៧ឆ្នាំ Charli D’Amelio ត្រូវបានគេប៉ានស្មានថា រកចំណូលបានជាមធ្យម៤លានដុល្លារក្នុងមួយឆ្នាំ ពីការប្រើប្រាស់ Tik Tok។ នេះបើតាមការចេញផ្សាយពីគេហទំព័រ Seventeen។

ស្រីស្រស់ Charli D’Amelio ជនជាតិអាមេរិក បច្ចុប្បន្នមានវ័យ១៧ឆ្នាំ បានក្លាយជាអ្នកលេងបណ្តាញសង្គមដ៏មានប្រជាប្រិយភាពម្នាក់ ដែលទាញចំណូលបានខ្ទង់លានដុល្លារពី App ល្បីៗដែលរូបគេប្រើប្រាស់។ នាងជាប់ឈ្មោះជា «The queen of Tik Tok» បន្ទាប់ពីចំនួនអ្នក Follow ក្នុង Tik Tok របស់នាងកើនឡើងច្រើនជាង១០០លានអ្នក។ នាងចាប់ផ្តើមប្រើប្រាស់កម្មវិធីដ៏ពេញនិយមនេះដំបូង ក្នុងវ័យ១៥ ឆ្នាំ ក្នុងឆ្នាំ២០១៩ និងបានទាញចំណាប់អារម្មណ៍មនុស្សរាប់លានអ្នក ឲ្យទស្សនាវីដេអូរាំកំសាន្តរបស់នាង។

ប្រាក់ចំណូលដែលនាងទទួលបានពីការប្រើប្រាស់ កម្មវិធី Tik Tok គឺតាមរយៈការធ្វើជា Influencer ឲ្យប្រេនល្បីៗជាច្រើន ដោយបច្ចុប្បន្ននាងមានដៃគូសហការធំៗល្បីៗជាច្រើនដូចជា Morphe, Orosa Nail Polish, Hollister, EOS, Invisalign ជាដើម។ តាមរបាយការណ៍បានឲ្យដឹងថា នាងអាចទទួលបានប្រាក់ ១០ម៉ឺនដុល្លារ សម្រាប់ការបង្ហោះម្តងប៉ុណ្ណោះ។

ទស្សនាវដ្តីល្បី Forbes បានធ្វើការប៉ាន់ស្មានថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Charli D’Amelio ពីការប្រើប្រាស់កម្មវិធី Tik Tok គឺមានប្រមាណ ៤លានដុល្លារអាមេរិក (ពីឆ្នាំ២០១៩-២០២០) និងប្រាក់សរុបរបស់នាងនាពេលបច្ចុប្បន្ននេះ មានប្រហែល៨លានដុល្លារអាមេរិក៕