(តូក្យូ)៖ ក្រុមជម្រើសជាតិជប៉ុន នឹងត្រូវប្រឈមមុខជាមួយក្រុមជម្រើសជាតិបារាំង អាហ្វ្រិកខាងត្បូង និងក្រុមជម្រើសជាតិមិចស៊ិក នៃប្រភេទកីឡាបាល់ទាត់ផ្នែកបុរសក្នុងការប្រជែងមេដាយមាសពីព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics 2020 ប្រចាំពូល A ខណៈប្រេស៊ីល ជួបក្រុមអាល្លឺម៉ង់ ប្រចាំពូល D។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ក្រុមដែលត្រូវប្រជែងគ្នាមាន ៤ពូលនៃបាល់ទាត់ផ្នែកបុរសនៅ Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមការប្រកួតផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ គ្រាដែលក្រុមជម្រើសជាតិសាំបាប្រេស៊ីល ជាក្រុមការពារតំណេងមេដាយមាស កាលឆ្នាំ២០១៦។

១៖ ពូល A មានក្រុមម្ចាស់ផ្ទះជប៉ុន បារាំង អាហ្វ្រិកខាងត្បូង និងក្រុមជម្រើសជាតិមិចស៊ិក។
២៖ ពូល B មានក្រុមនូវែលសេឡង់ សាធារណរដ្ឋកូរ៉េខាងត្បូង ហុងឌូរ៉ាស់ និងក្រុមរ៉ូម៉ានី។
៣៖ ពូល C មានក្រុមជម្រើសជាតិអេហ្ស៊ីប អេស្ប៉ាញ អាហ្សង់ទីន និងអូស្ត្រាលី។
៤៖ ពូល D មានក្រុមជម្រើសជាតិប្រេស៊ីល អាល្លឺម៉ង់ កូឌឺវ័រ និងអារ៉ាប៊ីសាអូឌីត៕