(ឌូប្លីន)៖ ទីក្រុង Dublin របស់សាធារណរដ្ឋអៀរឡង់ អាចនឹងខកខានក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ុប Euro 2020 រដូវក្តៅនេះ នៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេះបានលើកឡើងថា នៅមិនទាន់អាចសម្រេចតាមការចង់បានរបស់សហព័ន្ធ UEFA ក្នុងការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាប្រមាណ ២៥ភាគរយនៃទំហំផ្ទុករបស់កីឡដ្ឋាន។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។

ការពន្យារពេលយុទ្ធនាការមាន ៤ឆ្នាំម្តងនេះដែលមានទីក្រុងចំនួន ១២នៅទ្វីបទូទាំងទ្វីបអឺរ៉ុបត្រៀមធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្តើមប្រកួតផ្លូវការនៅខែមិថុនា ខាងមុខ គ្រាដែល UEFA នឹងធ្វើការសម្រេចចុងក្រោយ ចំពោះទីក្រុង Munich របស់អាល្លឺម៉ង់, Bilbao របស់អេស្ប៉ាញ និងទីក្រុង Doblin នាថ្ងៃទី២៣ ខែមេសា ថាតើមានសិទ្ធិទទួលការប្រកួតដ៏ធំប្រចាំតំបន់នេះបានឬទេ គ្រាដែលទីក្រុងទាំង ៣ខាងលើនេះ មិនទាន់អាចធានាបានចំពោះការចូលរួមទស្សនារបស់អ្នកគាំទ្រនៅឡើយ។

សាធារណរដ្ឋអៀរឡង់ ដែលបានធ្លាក់ក្នុងវគ្គជម្រុះជុំទី២ នឹងធ្វើជាម្ចាស់ផ្ទះចំនួន ៤ប្រកួតនៃវគ្គសន្សំពិន្ទុរវាងពូល E ដោយមានក្រុមជម្រើសជាតិប៉ូឡូញ ស្លូវ៉ាគី និងស៊ុយអែត រួមទាំងវគ្គ ១៦ក្រុមចុងក្រោយ ១ប្រកួតផងដែរនាទីក្រុង Dublin ក្នុងកីឡដ្ឋាន Aviva ចាប់ពីថ្ងៃទី១៤ ខែមិថុនាខាងមុខ។

ចំពោះបញ្ហានេះត្រូវបានឧបនាយករដ្ឋមន្រ្តីសាធារណរដ្ឋអៀរឡង់ Leo Varadkar លើកឡើងថា «ការចាប់ផ្តើមនៅខែមិថុនា ខាងមុខនេះ វាពិតជាលឿនពេកហើយ ខណៈការចង់បានចំនួន ២៥ភាគរយនៃកីឡដ្ឋានវាពិតជាពិបាក និងអាចក្លាយជាការអកុសល្យសម្រាប់អៀរឡង់» ដោយសារប្រទេសនេះបានកំពុងជួបវិបត្តិ COVID-19៕