(ម៉ាឌ្រីដ)៖ ខ្សែបម្រើប្រយុទ្ធរបស់ក្លិបបាល់ទាត់ Real Madrid កីឡាករ Federico Valverde ត្រូវបានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមាននៃជំងឺ COVID-19។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។
Real បានឲ្យដឹងនៅថ្ងៃអាទិត្យថា Valverde បានរស់នៅដាច់ដោយឡែកពីគេជាបណ្តោះអាសន្ន បន្ទាប់ពីមានទំនាក់ទំនងជាមួយនឹងអ្នកវិជ្ជមាន COVID-19 ធ្វើឲ្យកីឡាកររូបនេះ អវត្តមានក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ទល់នឹងម្ចាស់ផ្ទះ Getafe ហើយឥឡូវនេះ រូបលោកត្រូវបានគេរកឃើញវិជ្ជមាន។
កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ វ័យ ២២ឆ្នាំរូបនេះបានខកខានការប្រកួតនៅថ្ងៃពុធ ដែលអធិរាជស Real Madrid បានបំបាក់ Cadiz ក្នុងលទ្ធផល ៣-០ ព្រមទាំងការប្រកួតនៅចុងសប្តាហ៍នេះ តទល់នឹងក្រុម Real Betis និងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលត្រូវជួប Chelsea នាថ្ងៃអង្គារសប្តាហ៍ក្រោយដែរ៕