(ស៊ីងហ្គាពួរ)៖ ចាប់ពីចុងសប្តាហ៍នេះតទៅ ការធ្វើតេស្តរកមេរោគ COVID-19 នឹងមិនតម្រូវនោះទេ សម្រាប់អ្នកគាំទ្រចំនួន ២៥០នាក់ ដែលចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋានប្រកួតបាល់ទាត់លីគ Singapore Premier League (SPL) របស់សិង្ហបុរី។ នេះបើតាមការប្រកាសពីសមាគមបាល់ទាត់ប្រទេសនេះ (FAS) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

សេចក្តីសម្រេចនេះបានកើតឡើង បន្ទាប់ពីលក្ខខណ្ឌការចូលទស្សនាផ្ទាល់ត្រូវបានអនុវត្តនៅថ្ងៃទី១០ ខែមេសា ដែលជាលើកដំបូងហើយ ដោយអ្នកគាំទ្រអាចទស្សនាការប្រកួតផ្ទាល់បាន គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ មក។

ជាមួយនឹងការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 អ្នកគាំទ្រទាំងឡាយក៏ត្រូវបានណែនាំឲ្យមកដល់កីឡដ្ឋាន ឲ្យបានលឿន ជៀសវាងមនុស្សច្រើនកកស្ទះទៀតផង។

ការបន្ធូរបន្ថយនៃការរឹតបន្តឹងនេះ នឹងធ្វើឡើងនៅពេលដែលក្រុម Hougang United ត្រូវប៉ះជាមួយក្រុម Lion City Sailors ហើយក្រុម Tanjong Pagar United ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Tampines Rovers នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ក្រៅពីនោះ អ្នកគាំទ្រក៏អាចទស្សនាគ្រប់ការប្រកួតតាមរយៈការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ក្នុងស្រុករបស់សិង្ហបុរី Singtel និង StarHub TV ព្រមទាំងប្រព័ន្ធសង្គមផ្សេងទៀតបានដែរ៕