(ក្រុងរ៉ូម)៖ ក្លិបបាល់ទាត់ Atletico Madrid និង Inter Milan សុទ្ធតែបានប្រកាសដកខ្លួនចេញពីការប្រកួតពានរង្វាន់ European Super League ដូចទៅនឹង AC Milan និង Juventus ដែលសុទ្ធសឹងប្រកាសជំហរដកខ្លួនដូចគ្នានៅរាត្រីថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

ការសម្រេចមិនចូលរួមពីសំណាក់ក្លិបធំៗនៅអឺរ៉ុបទាំង៤ ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពេលក្លិបលេងនៅ Premier League ទាំង៦ បានប្រកាសដកខ្លួនចេញព្រមៗគ្នានៅព្រឹកថ្ងៃនោះដែរ នៅពេលរងសម្ពាធពីកីឡាករ អ្នកគាំទ្រ រួមទាំង UEFA និង FIFA មិនទទួលស្គាល់ផងនោះ។

នៅពេលនេះដែរ ក្របខណ្ខបាល់ទាត់ថ្មីប្រចាំទ្វីបអឺរ៉ុប ESL ដែលរកបានសមាជិក ១២ក្លិបទៅហើយនោះ នៅសល់តែ ២ក្លិបប៉ុណ្ណោះរួមមាន Real Madrid និង FC Barcelona លេងនៅ La Liga របស់អេស្ប៉ាញ ដ្បិតក្លិបមកពីអាល្លឺម៉ង់ និង Ligue 1 របស់បារាំងបដិសេធមិនចូលរួមស្រាប់ទៅហើយ។

គួរបញ្ជាក់ផងថា បច្ចុប្បន្នទ្វីបអឺរ៉ុប UEFA មាន ៣ពានដែលក្លិបអាជីពនានាធ្វើការប្រជែងគ្នាជារៀងរាល់ឆ្នាំ ដោយទី១- ពានបើករដូវកាល UEFA Super Cup យកជើងឯក Champions League ប្រកួតទល់នឹងជើងឯក UEFA Europa League នៅមុនពេល Champions និង Europa League ចាប់ផ្តើម៕