(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើការជំរុញឲ្យគ្រប់សហព័ន្ធកីឡាជាតិ ក្នុងការធ្វើស្វ័យហ្វឹកហាត់សម្រាប់ក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ នេះ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំតាម Online (Zoom) នៅថ្ងៃទី២១ ខែមេសា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡា ដើម្បីជជែកអំពីការធ្វើស្វ័យហ្វឹកហាត់ និងការត្រួតពិនិត្យកីឡាករ-កីឡាការិនីពីចម្ងាយ អំឡុងពេលរាជរដ្ឋាភិបាលដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោកបញ្ជាក់ថា «កិច្ចប្រជុំនេះផ្ដោតការយកចិត្តទុកដាក់លើ ៣ចំណុច ទី១-ការរំឮកឡើងវិញនូវផែនការស៊ីហ្គេម ទី២-ពាក់ព័ន្ធរឿងអូឡាំពិកហ្គេម និងទី៣-ការហ្វឹកហាត់តាម Online ស្ដីពីបច្ចេកទេស និងគោលដៅនៃការហ្វឹកហាត់ក្នុងដំណាក់កាលបិទខ្ទប់ បន្ទាប់ពីក្រសួងអប់រំ បានចាប់ផ្ដើមការឧបត្ថម្ភតាំងពីថ្ងៃទី១៩ ខែមេសា ដែលមានសហព័ន្ធចំនួន៣៩ ត្រូវបានក្រសួងជ្រើសរើស ដើម្បីរៀបចំការហ្វឹកហាត់តាម Online»។

លោកបន្ដថា ពាក់ព័ន្ធនឹងការប្រកួតកីឡាស៊ីហ្គេម សហព័ន្ធជាតិនីមួយៗក្រៅពីផ្ដោតការធ្វើស្វ័យហ្វឹកហាត់ គឺត្រូវពង្រឹងស្មារតីក្នុងការបំពេញបែបបទ នៃការចូលរួម ដ្បិតចន្លោះខែឧសភា ដល់ខែសីហា គឺជាពេលត្រូវចុះឈ្មោះចូលរួម។ ដូច្នេះគ្រប់សហព័ន្ធត្រូវត្រៀមកីឡាករ-កីឡាការិនី រួមទាំងប្រតិភូឲ្យបានរួចរាល់ ដើម្បីចុះឈ្មោះចូលរួមប្រកួតទៅតាមប្រភេទកីឡានីមួយៗ។

ចំណែកការប្រកួតកីឡាំអូឡាំពិកវិញ កម្ពុជាមាន ២ប្រភេទត្រូវចូលរួមប្រកួត គឺកីឡាអត្តពលកម្មម្នាក់ និងកីឡាហែលទឹក ២នាក់។ រីឯ ២ប្រភេទកីឡាទៀត ត្រូវចូលរួមប្រកួតជម្រុះអូឡាំពិក រួមមានកីឡាគុនដាវ និងតេក្វាន់ដូ។ ហេតុនេះកីឡាទាំង ៤ប្រភេទ ត្រូវត្រៀមលក្ខណៈក្នុងការរៀបចំឯកសារ និងរៀបចំការងារផ្សេងៗ ដើម្បីត្រៀមចូលរួមការប្រកួតនៅជប៉ុន។

លោកបន្ថែមថា «តាមការណែនាំរបស់លោកបណ្ឌិត ថោង ខុន អនុប្រធាន CAMSOC បានជំរុញ និងរៀបចំប្រជុំរៀងរាល់ពេលជាមួយសហព័ន្ធជាតិ ដើម្បីពង្រឹងការងារអភិវឌ្ឍកម្លាំងកាយ ជំនាញ និងបច្ចេកទេស រួមទាំងការដាក់ទិសដៅសម្រាប់ត្រៀមចេញទៅហ្វឹកហាត់ក្រៅប្រទេស ពិសេសកីឡា ១២ប្រភេទ ស្មើនឹងប្រតិភូ និងកីឡាករ-កីឡាការិនី ១៣៥នាក់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យរួចរាល់ ក្នុងការចេញទៅហាត់នៅចិន ពេលស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាធំៗទាំង២ ខាងលើដែលកម្ពុជាគ្រោងបញ្ជូនអត្តពលិកចូលរួមប្រកួតឆ្នាំនេះ រួមមានការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងហាណូយ គ្រោងធ្វើពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះម្ចាស់ផ្ទះវៀតណាម បានសម្រេចដាក់កីឡា ៤០ប្រភេទ ខណៈកម្ពុជាត្រៀមបញ្ជូនអត្តពលិក ៣២ប្រភេទកីឡាទៅចូលរួម និងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ដែលជប៉ុនបានលើកពេលមកពីឆ្នាំ២០២០ មកប្រកួតពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហាខាងមុខវិញ៕