(បរទេស)៖ ហាក់ខុសប្លែកពីកម្មវិធីផ្សេងៗ ដែលត្រូវបានធ្វើឡើងក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ នេះ ខណៈកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏ធំ ផ្នែកតន្ត្រីរបស់អង់គ្លេស គឺ «Brit Awards» បានប្រកាសរៀបចំដោយមានការចូលរួមមនុស្សផ្ទាល់ខ្ទង់ពាននាក់ និងមិនតម្រូវឲ្យរក្សាគម្លាតសង្គម និងពាក់ម៉ាស់ឡើយ ប៉ុន្តែអ្នកចូលរួមត្រូវមានលទ្ធផល អវិជ្ជមានកូវីដ-១៩ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

កម្មវិធីប្រគល់ពានរង្វាន់ «Brit Awards» សម្រាប់ឆ្នាំ២០២១នេះ នឹងមានទស្សនិកជនចូលរួមចំនួន៤ពាន់នាក់ នៅទីតាំងចំនួន២ផ្សេងគ្នា ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី១១ ខែឧសភា ខាងមុខនេះ ដោយមានការសម្របសម្រួលកម្មវិធី ដោយតារាប្រុស Jack Whitehall និងមានការសម្តែងដោយតារាល្បីៗជាច្រើន ដូចជា Arlo Parks, Dua Lipa និង Celeste ជាដើម។ វាត្រូវបានគេចាត់ទុកថា ជាកម្មវិធីដែលមានមនុស្សទស្សនាផ្ទាល់ លើកដំបូងហើយក្នុងវិស័យតន្រ្តី បន្ទាប់ពីអាកខានរយៈពេលជាង១ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ-១៩។

កម្មវិធីនេះ នឹងក្លាយជាផ្នែកមួយនៃការស្រាវជ្រាវ ក៏ដូចជាការធ្វើតេស្តរបស់រដ្ឋាភិបាល អំពីរបៀបដែលព្រឹត្តិការណ៍ផ្សាយផ្ទាល់អាចដំណើរការទៅបាន បន្ទាប់ពីមានការរាតត្បាតកូវីដ-១៩ ខណៈអ្នកចូលរួមទាំងអស់មិនតម្រូវឲ្យរក្សាគម្លាតសង្គម ឬពាក់របាំងមុខនោះទេ។

ទោះជាបែបនេះក្តី អ្នកចូលរួមទាំងអស់ ត្រូវតែបង្ហាញថា ពួកគេបានធ្វើតេស្តអវិជ្ជមានកវីដ-១៩ មុនពេលទៅដល់កន្លែងប្រារព្ធកម្មវិធី ជាពិសេសត្រូវយកលទ្ធផលធ្វើតេស្តនោះទៅបង្ហាញ ដោយភ្ជាប់ជាមួយភស្តុតាងមួយចំនួនទៀត ដើម្បីបញ្ជាក់ថា ពួកគេពិតជាមានសុវត្ថិភាព និងអាចចូលរួមព្រឹត្តិការណ៍នេះបាន៕