(ភ្នំពេញ)៖ បន្ទាប់ពីបានប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ នៅពេលនេះតារាកំប្លែងភេទទី៣ កញ្ញា យ៉េយ៉េ បានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យហើយ ខណៈបច្ចុប្បន្ននាងមានស្ថានភាពប្រសើរឡើងហើយ និងកំពុងទទួលការព្យាបាល នៅវិមានពិភពថ្មីសែនសុខ។
កញ្ញា យ៉េយ៉េ បានថ្លែងប្រាប់ Fresh News Plus តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា នាងកំពុងទទួលការព្យាបាលនៅវិមានពិភពថ្មីសែនសុខ ហើយរហូតមកទល់នឹងពេលនេះ អាការៈជំងឺកូវីដ-១៩របស់នាង គឺមិនមានអ្វីធ្ងន់ធ្ងរទេ ពោលគឺនៅក្តៅខ្លួនតិចៗ ក្អកតិចៗ និងពិសារអាហារបានធម្មតា។ ចំណែកឯស្ថានភាពរបស់សមាជិកគ្រួសារនាង គឺ៣នាក់ទៀតវិជ្ជមានកូវីដ-១៩ កំពុងទទួលការព្យាបាល ខណៈសមាជិកគ្រួសាររបស់នាង២នាក់ផ្សេងទៀត កំពុងរង់ចាំលទ្ធផលធ្វើតេស្តលើកទី១។
ភ្ជាប់ជាមួយគ្នានេះ កញ្ញា យ៉េយ៉េ បានអំពាវនាវដល់ប្រជាពលរដ្ឋថា «កុំគិតថាជំងឺកូវីដ-១៩ នឹងអត់មានឲ្យសោះ ព្រោះនាងបានជួបប្រទះផ្ទាល់ហើយ ជាមួយគ្នានេះវិធានការរបស់រដ្ឋាភិបាលក៏ត្រូវចូលរួមគោរពទាំងអស់គ្នាដែរ ព្រោះគោរពតែរយៈពេលខ្លីទេ យើងអាចមានសិទ្ធសេរីភាព និងអាចសប្បាយបានរយៈពេលវែងឆ្ងាញទៅមុខទៀត»។
គួរបញ្ជាក់ថា កញ្ញា យ៉េយ៉េ បានប្រកាសថា ខ្លួនមានវិជ្ជកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខណៈបច្ចុប្បន្ននាងមានស្ថានភាពប្រសើរឡើងហើយ និងកំពុងទទួលការព្យាបាល នៅវិមានពិភពថ្មីសែនសុខ៕