(ភ្នំពេញ)៖ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត UP បង្កើតប្រវត្តិសាស្រ្ត ជាសាកលវិទ្យាល័យដំបូងគេ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលមានវត្តមានក្នុងតារាងចំណាត់ថ្នាក់ នៃការអប់រំកម្រិតឧត្តមសិក្សា ក្នុងឆាកអន្តរជាតិ (Times Higher Education)។

យូភី ត្រូវបានជាប់ក្នុងលំដាប់កំពូលលេខរៀងទី ១០០-២០០ នៅក្នុងពិភពលោក ចំណាត់ថ្នាក់ «ភាពល្អប្រសើរនៃការងារ និងកំណើនសេដ្ឋកិច្ច» ក្នុងចំណោម ៦៨៥ ស្ថាប័ន។ លទ្ធផលដ៏អស្ចារ្យនេះ ធ្វើឲ្យយូភី ស្ថិតក្នុងចំណាត់ថ្នាក់ដូចគ្នានឹងសាកលវិទ្យាល័យ Qatar សាកលវិទ្យាល័យ Sao Paolo សាកលវិទ្យាល័យ UNSW ស៊ីដនីសាកលវិទ្យាល័យ Valencia សាកលវិទ្យាល័យ Leicester សាកលវិទ្យាល័យ បច្ចេកវិទ្យា ប៉េកាំងជាដើម។លទ្ធផលផ្សេងទៀតគឺឈរក្នុងលេខរៀងទី ៤០១-៦០០ (ក្នុងចំណោម ៨៧១ ស្ថាប័ន) សម្រាប់ចំណាត់ថ្នាក់ «សុខភាព និងសុខមាលភាព» និងលេខរៀងទី ៨០១+ (ក្នុងចំណោម ៩៦៦) សម្រាប់ចំណាត់ថ្នាក់ «ការអប់រំប្រកបដោយគុណភាព»។

ការដាក់បញ្ចូល យូភី នៅក្នុងតារាងចំណាត់ថ្នាក់នេះ គឺជាការបោះជំហានឆ្ពោះទៅមុខមួយសម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នៅក្នុងឆាកអន្តរជាតិ និងកម្រិតឧត្តមសិក្សានៅកម្ពុជាផងដែរ។ ប្រការនេះបានធ្វើឱ្យប្រទេសកម្ពុជាមានកិត្យានុភាពនៅក្នុងកម្រិតពិភពលោកថែមមួយកម្រិតទៀតផង។ចំណាត់ថ្នាក់នៃការអប់រំកម្រិតឧត្តមសិក្សានេះត្រូវបានគេចាត់ទុកថាជាប្រព័ន្ធចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក ដែលធ្វើឲ្យសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យល្បីៗរួមមាន សាកលវិទ្យាល័យ Oxford, Stanford, Harvard, Caltech, MIT ដែលទទួលបានចំណាត់ថ្នាក់កំពូលទាំង៥ ។

ហើយចំណាត់ថ្នាក់នេះក៏ទទួលបានកិត្យានុភាពជាតារាងលទ្ធផលពិភពលោកតែមួយគត់ ដែលវាយតម្លៃសាកលវិទ្យាល័យស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ របស់អង្គការសហប្រជាជាតិ។
ចំណាត់ថ្នាក់រួមបញ្ចូលទាំងសាកលវិទ្យាល័យចំនួន ១១១៥ មកពី ៩៤ប្រទេស/តំបន់។ សូចនាករ ដែល The Times បានប្រើប្រាស់ គឺដើម្បីផ្តល់នូវការប្រៀបធៀបដ៏ទូលំទូលាយ និងមានតុល្យភាពនៅទូទាំងវិស័យ ដែលមានសារៈសំខាន់ធំៗចំនួន៣ ក្នុងសាកលវិទ្យាល័យ ដូចជា កិច្ចការស្រាវជ្រាវ ការផ្សព្វផ្សាយ និងភាពជាអ្នកដឹកនាំ។ ការវាយតម្លៃនេះក៏ជាការជូនដំណឹងអំពី បេសកកម្ម និងភាពជោគជ័យផ្សេងៗគ្នានៃស្ថាប័នឧត្តមសិក្សានៅក្នុងពិភពលោកផងដែរ។

សាកលវិទ្យាល័យនីមួយៗដែលស្ថិតក្នុងចំណាត់ថ្នាក់នេះ អមមកជាមួយ ប្រវត្តិលំអិតរបស់សាកលវិទ្យាល័យ ក៏ដូចជាពិន្ទុសរុបរបស់ខ្លួនក្នុង SDGs ដែលពួកគេបានខិតខំដើម្បីចូលរួមចំណែក ដោយចំណាត់ថ្នាក់ទាំងនោះអាចរកបាននៅក្នុងតំណរភ្ជាប់នេះ។ https://www.timeshighereducation.com/impactrankings# !/page/0/length/25/locations/KH/sort_by/rank/sort_order/asc/cols/undefined (https://www.timeshighereducation.com/impactrankings%23%20!/page/0/length/25/locations/KH/sort_by/rank/sort_order/asc/cols/undefined%20) បន្ទាប់មកស្វែងរកប្រទេស/តំបន់។

នេះជាមោទនភាពមួយផងដែរ ដែលយូភី មានឱកាសផ្សព្វផ្សាយមិនត្រឹមតែចំណាត់ថ្នាក់នេះប៉ុណ្ណោះទេ ថែមទាំងស្ថិតក្នុងតារាងប្រកួតប្រជែងនៃសាកលវិទ្យាល័យកំពូលទាំង ២០០ នៅលើពិភពលោកផងដែរ។ ហើយនេះក៏ជាការទទួលស្គាល់ដ៏មានតម្លៃ សម្រាប់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ទៅលើការងារដែលកំពុងបន្តឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN’sSDGs)។ សមិទ្ធិផលនេះ គឺជាសមិទ្ធិផលដំបូងបំផុតដែលសាកលវិទ្យាល័យមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងការត្រួសត្រាយវិថី ទៅរកការអប់រំកម្រិតស្តង់ដារពិភពលោក នៅតាមបណ្តារគ្រឹះស្ថានឧត្តមសិក្សា ក្នុងវិស័យការងារ ការសិក្សា និងកិច្ចការស្រាវជ្រាវ។

លើសពីនេះទៀត ទិន្នន័យតារាងចំណាត់ថ្នាក់នេះ បានក្លាយជាហេតុផលដ៏សំខាន់សម្រាប់និស្សិត ក៏ដូចជាអាណាព្យាបាលរបស់ពួកគេធ្វើការសំរេចចិត្តដើម្បីប្រាកដថា តើពួកគេគួរជ្រើសរើសសិក្សានៅសាកលវិទ្យាល័យណា សម្រាប់ការអប់រំនៅក្នុងកម្រិតឧត្តមសិក្សា។កត្តានេះក៏ផ្តល់នៅគុណតម្លៃសម្រាប់អ្នកសិក្សា និងអ្នកជំនាញផងដែរ។ លោកអ្នកអាចពឹងផ្អែកលើព័ត៌មាននេះ ដើម្បីស្វែងយល់ពីមាគ៌ានាពេលអនាគត ដើម្បីទទួលបានសមិទ្ធិផលកាន់តែច្រើននៅក្នុងវិស័យអប់រំដែលពួកគេជ្រើសរើស និងជាឧបករណ៍សំខាន់ក្នុងការសម្រេច ថាតើពួកគេគួរស្វែងរកអាជីពជាមួយស្ថាប័នណា៕