(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះ ជើងចាស់ សំឡេងពីរោះពោរពេញដោយទឹកដម អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហាញថា ខ្លួនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី២រួចរាល់ហើយ។ ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍ ក្រោយទទួលវ៉ាកសាំងរួចរាល់ តារាចម្រៀងរូបនេះ បានព្រលយពាក្យមួយឃ្លាថា «សូមកុំឲ្យឱកាសដ៏ល្អនេះរំលងទៅ ប្រយ័ត្នស្តាយក្រោយណា៎ បងប្អូន!»។ តើពាក្យនេះមានន័យយ៉ាងណា?

អ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពជាច្រើនសន្លឹក ភ្លាប់ជាមួយនឹងពាក្យថា «ខ្ញុំ និងបងប្អូនខ្ញុំ បានចាក់វ៉ាក់សាំងលេីកទីពីររួចហេីយចុះអ្នកវិញ ? សូមកុំឲ្យឱកាសដ៏ល្អនេះរំលងទៅ ប្រយ័ត្នស្តាយក្រោយណា៎ បងប្អូន! អរគុណក្រុមគ្រូពេទ្យ ដែលបានបំពេញតួនាទី សម្រាប់ពលរដ្ឋបានយ៉ាងល្អ ជាពិសេស ក្រុមគ្រូពេទ្យយេីងសុទ្ធតែជាហ្វ៊ែនរបស់ពេជ្ជតា ។ ទៀត អរគុណណាស់ហ្វ៊ែន អរគុណសន្តិភាព»

ជាក់ការពិតណាស់ រហូតមកទល់នឹងពេលនេះ គេសង្កេតឃើញថា មានសិល្បករ-សិល្បរិនីល្បីជាច្រើន បានទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ខណៈការលើកឡើងរបស់តារាចម្រៀង ម៉េង កែវពេជ្ជតា ខាងលើ ត្រូវបានមិត្តក្នុងបណ្តាញសង្គម សន្និដ្ឋានថា ទំនងជាសារមួយ ផ្តាំផ្ញើឲ្យបងប្អូនខ្មែរ ដែលជាបុគ្គលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឲ្យប្រញាប់រួសរានទៅទទួលវ៉ាក់សាំង ដើម្បីកុំឲ្យឱកាសល្អ បានចាក់វ៉ាក់សាំងដោយឥតគិតថ្លៃរំលងទៅ និងមានការស្តាយក្រោយជាដើម៕