(បាសេឡូណា)៖ ខ្សែប្រយុទ្ធ Lionel Messi រកបាន ២គ្រាប់ផងដែរនៅនាទីទី៨ និងនាទី៣៣ នៅពេលជួយក្រុមអ្នកមានបុណ្យ FC Barcelona យកឈ្នះ Getafe ៥-២ បន្តដេញតាមពីក្រោយក្រុមកំពូលតារាង Atletico Madrid ៥ពិន្ទុដដែលគិតត្រឹម ៣២សប្តាហ៍មកនេះ។

ប្រធានក្រុមអាហ្សង់ទីនខាងលើនេះ រកបាន ២៥គ្រាប់ហើយនៅក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga រដូវកាលនេះ ពីការចូលលេងបាន ២៩ប្រកួត ដែលអវត្តមាន ២លើកផងដែរ ដោយសារបញ្ហារបួស។

៣ពិន្ទុក្នុងដីនៃកីឡដ្ឋាន Camp Nou នេះដែរ ក៏បន្តធ្វើឲ្យ FC Barcelona រកបាន ៦៨ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃ ចាញ់ ២ពិន្ទុពីក្រុមលេខ២ ដែលជាក្រុមការពារតំណែងជើងឯក Real Madrid និង Atletico Madrid មាន ៧៣ពិន្ទុក្នុងតារាងពិន្ទុ La Liga។

Barcelona ដែលទើបឈ្នះពាន Copa del Rey ឆ្នាំ២០២១ កាលសប្តាហ៍មុន នឹងត្រូវប៉ះ Atletico Madrid ប្រជែងយក ៣ពិន្ទុនាថ្ងៃទី០៨ ខែឧសភា ដែលជាក្រុមសមាជិក European Super League ជាមួយ Real Madrid នៃការបង្កើតពានប្រចាំទ្វីបអឺរ៉ុបថ្មីនេះ៕