(ជប៉ុន)៖ ទីក្រុង Tokyo របស់ជប៉ុន នឹងមិនធ្វើជាម្ចាស់ផ្ទះ នៃពិធីតាំងបង្ហាញរថយន្តរបស់ខ្លួន ក្នុងឆ្នាំនេះនោះទេ ដោយសារតែការរីករាលដាលជាសកល ជំងឺឆ្លង COVID-19, នេះបើតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ, ដោយបង្ហាញពីការតស៊ូរបស់ជប៉ុន ទាំងក្នុងការទប់ស្កាត់ការផ្ទុះរីករាលដាលឡើងវិញ នៃមេរោគផង និងសេដ្ឋកិច្ចដែលមានការធ្លាក់ចុះផង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។
ការលុបចោលនេះ បានកើតឡើង ស្របពេលដែលរដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងប្រកាសដាក់ភាពអាសន្នជាលើកទី៣ សម្រាប់ទីក្រុង Tokyo និងខេត្តមួយចំនួនផ្សេងទៀត ដែលអាចមានរយៈពេល២សប្តាហ៍។
ការលុបចោលព្រឹត្តិការណ៍ឧស្សាហកម្ម ដ៏មានសារៈសំខាន់បំផុតរបស់ជប៉ុននេះ ក៏បានធ្វើឲ្យមានការលើកឡើង នូវសំណួរកាន់តែច្រើនបន្ថែមទៀត ស្តីពីការអះអាងរបស់រដ្ឋាភិបាលម្តងហើយម្តងទៀត ថា ព្រឹត្តិការណ៍ Tokyo Olympics ដែលត្រូវបានពន្យារពេលមួយឆ្នាំនោះ នឹងធ្វើឡើងតាមការគ្រោងទុក នៅរដូវក្តៅនេះ។
ប្រធានសមាគមក្រុមហ៊ុនផលិតរថយន្តជប៉ុន លោក Akio Toyoda បានលើកឡើងថា សមាគមមើលឃើញថា វាមានភាពលំបាក ក្នុងការផ្តល់នូវបរិស្ថានសុវត្ថិភាព ស្របពេលដែលករណីឆ្លងថ្មី កំពុងមានការកើនឡើង។ ព្រឹត្តិការណ៍តាំងបង្ហាញរថយន្តនេះ ជាធម្មតាតែងតែប្រារព្ធឡើង នៅចម្លោះចុងខែតុលា ដល់ដើមខែវិច្ឆិកា៕