(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានរងការចោទប្រកាន់ពីសំណាក់ស្ថាប័នព័ត៌មាន Daily Mail និង MailOnline ក្រោមបទចោទប្រកាន់ថា បានរៀបចំទុកជាមុននូវការផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការកាត់បន្ថយនូវការស្វែងរកមាតិកា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងពាក្យបណ្ដឹងបានចោទប្រកាន់ ក្រុមហ៊ុន Google ថាបានធ្វើការគ្រប់គ្រងខ្លាំងពេកទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មលើ Google Search ហើយថែមទាំងបានព្យាយាមធ្វើឲ្យថយចុះនៃការស្វែងរករបស់អ្នកប្រើប្រាស់មកលើគេហទំព័រ Daily Mail និង MailOnline និងបង្វែរការស្វែងរកទៅកាន់សារព័ត៌មាន និងគេហទំព័រផ្សេងៗច្រើនជាង។
នៅក្នុងពាក្យបណ្ដឹងក៏បានបញ្ជាក់បន្ថែមទៀតថា Google បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងការចាត់ចែង (ឬដាក់ពិន័យ) ទៅលើស្ថាប័នព័ត៌មានផ្សេងៗ ដែលមិនទុកទីតាំងសម្រាប់ផ្ទាំងពាណិជ្ជកម្ម Google ឬគេហទំព័រដែលមិនរកចំណូលពី Google។ ពោលគឺ Google ផ្ដល់ភាគរយតិចតួចបំផុតនៅលើ Google Search មកលើគេហទំព័រទាំងនោះ។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានខាងក្រុមហ៊ុន Google បានបដិសេធ និងលើកឡើងថា ជារឿង គ្មានគុណសម្បត្តិ៕