(ភ្នំពេញ)៖ ការជ្រើសរើសការទូទាត់ទំនិញ តាមប្រព័ន្ធអេឡិចត្រូនិក កំពុងត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត ឲ្យប្រើប្រាស់កាន់តែច្រើន ពិសេសនៅអំឡុងពេលមាន ការឆ្លងរីករាលដាលខ្លាំង នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ។
ជាក់ស្ដែងថ្មីៗនេះដែរ ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តឲ្យមានជ្រើសរើស ការប្រើប្រាស់ការទូទាត់តាមអេឡិកត្រូនិក ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជំនួសឲ្យការប្រើប្រាស់ក្រដាសប្រាក់ ឬមូលប្បទានបត្រ។
ធនាគារជាតិនៃកម្ពុជា ចាត់ទុកថា ការប្រើប្រាស់សេវាអេឡិចត្រូនិកនេះ ក៏ដូចជាសេវាធនាគារតាមកម្មវិធីទូរស័ព្ទចល័ត នឹងផ្ដល់សុវត្ថិភាពខ្ពស់ ងាយស្រួលប្រើប្រាស់ ចំណេញពេលវេលា និងចំណាយតិចផងដែរ ។
ជុំវិញនឹងការការទូទាត់តាមអេឡិចត្រូនិកនេះដែរ ធនាគារអេស៊ីលីដា ដែលមានអភិវឌ្ឍនូវសេវាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ក៏បាននិងកំពុងចូលរួម យ៉ាងសកម្ម ជាក្នុងការផ្ដល់នូវភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស សម្រាប់ការទូទាត់តាមអេឡិចត្រូនិកនេះ តាមរយៈ អេបអេស៊ីលីដាម៉ូបាល ដែលមានមុខងារ យ៉ាងសម្បូរបែប។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដា បានឲ្យដឹងថា «ការដែលអតិថិជននាំគ្នាមកទូទាត់ ចាយវាយតាមបែបឌីជីថល ដែលជាបច្ចេកវិទ្យាសម័យថ្មីវិញ កាន់តែល្អប្រសើរ ព្រោះថា ការទូទាត់តាមបច្ចេកវិទ្យាថ្មី គឺតាមអេស៊ីលីដាម៉ូបាល ជួយឲ្យអតិថិជនមិនប្រឈមមុខ នឹងហានិភ័យផេ្សងៗ ដោយសារអតិថិជនមិនប៉ះពាល់ក្រដាស់ប្រាក់ ដែលមិនបានសម្លាប់មេរោគជាមុននោះទេ»។
លោកស្រី សុខ សោភា បានបញ្ជាក់បន្ថែមទៀតថា ធនាគារ អេស៊ីលីដា ភីអីលស៊ី ចូលរួមយ៉ាងពេញទំហឹង ជាមួយនឹងគោលនយោបាយធនាគារជាតិនៃកម្ពុជា ហើយលោកស្រី ក៏សូមលើកទឹកចិត្តដល់អតិថិជនទាំងអស់គ្នា ឲ្យចូលរួមទូទាត់ថ្លៃទំនិញផ្សេង តាមរយៈស្កេនឃ្យូអកូដអេស៊ីលីដាម៉ូបាល ក្នុងការបញ្ជាទិញទំនិញ ចំណីអាហារ ហើយអ្នកប្រើប្រាស់អេបអេស៊ីលីដាម៉ូបាល ក៏អាចទទួលបានទឹកប្រាក់ត្រឡប់វិញរហូតដល់៥០ដុល្លារ ប្រសិនបើអតិថិជនប្រើប្រាស់កាន់តែច្រើន ។
សូមបញ្ជាក់ថា ការកាន់ក្រដាស់ប្រាក់សម្រាប់ទូទាត់ទំនិញ វាមានហានិភ័យក្នុងការចម្លងមេរោគផ្សេងៗ មិនត្រឹមតែមេរោគកូវីដ១៩នោះទេ។
អ្នកជំនាញក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រដាស់ប្រាក់ជាឧបករណ៍ចម្លងមេរោគមួយ ដែលអ្នកត្រូវតែប្រយ័ត្នការពារធ្វើអនាម័យគ្រប់ពេល នៅពេលយើងប៉ះពាល់វា ដូច្នេះហើយទើបក្នុងកាលៈទេសៈបច្ចុប្បន្ននេះ ការទទួលក្រដាសប្រាក់ពីដៃមួយទៅដៃមួយ ត្រូវការបាញ់ទឹកអាល់កុល លើក្រដាសប្រាក់ទាំងនោះ ដើម្បីការពារ ពីការឆ្លងមេរោគ។ ដូច្នេះហើយ ជម្រើសដ៏ប្រសើរជាងនេះ គឺគួរតែងាកមកប្រើប្រាស់ការទូទាត់តាមបច្ចេកវិទ្យាទើប មានសុវត្ថិភាពពីការចម្លងមេរោគ៕