(ភ្នំពេញ)៖ ម្ចាស់មេដាយមាសកីឡាអាស៊ី កីឡាករ សាលី អ៊ូមើត និងមិត្តរួមជាតិ ម៉ឺន ម៉ូស្ដាន នឹងត្រូវប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Cup 2021) នាថ្ងៃទី២៤-២៥ ខែមេសាចុងសប្ដាហ៍នេះ នៅតំបន់ឆ្នេរនៃទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ខណៈកីឡាករកម្ពុជា ៣រូបទៀត បានបញ្ចប់ការប្រកួតទៅហើយ ដោយកីឡាករ ម៉ឺន អូស្មាន បានទទួលចំណាត់ថ្នាក់លេខ៥ កាលពីម្សិលមិញ។
សាលី អ៊ូមើត បានឲ្យដឹងថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោកនេះ នឹងធ្វើឡើងរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២១-២៥ ខែមេសា ដោយមានប្រទេសចូលរួមដូចជាកម្ពុជា បារាំង ប៊ែលហ្ស៊ិក ជប៉ុន ចិន អេស្ដូនៀ និងម្ចាស់ផ្ទះថៃជាដើម។ សម្រាប់កម្ពុជា គឺមានកីឡាករ ៥រូបចូលរួម ក្នុងនោះ ៣រូបបានបញ្ចប់ការប្រកួតរួមមានកីឡាករ ម៉ឺន អូស្មាន, កៃ វ៉ាន់ស៊ីដែន និងកីឡាករ សាលី ហ្វីលីន។ ចំណែក អ៊ូមើត និង ម៉ូស្ដាន គឺត្រូវប្រកួត ២ថ្ងៃចុងក្រោយនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ជើងខ្លាំងម៉ូតូទឹកកម្ពុជារូបនេះបានបញ្ជាក់ថា សម្រាប់ការប្រកួតចុងសប្ដាហ៍នេះ ខ្លួន និង ម៉ឺន ម៉ូស្ដាន ដែលត្រូវជាប្អូនជីដូនមួយ នឹងត្រូវប្រកួតលើវិញ្ញាសាស្គីឈរជាមួយគ្នា ដែលជាវិញ្ញាសា អ៊ូមើត ដណ្ដើមបានមេដាយមាស Asian Games 2018 និងមេដាយកម្រិតពិភពលោកជាច្រើនទៀតផង។ ប៉ុន្ដែគួរឲ្យស្ដាយ ដោយសារបញ្ហាកូវីដ-១៩ បានធ្វើឲ្យការកម្មង់ម៉ូតូទឹកថ្មីពីចក្រភពអូទ្រីស មកមិនទាន់ពេល ដែលធ្វើឲ្យកីឡាករខ្មែរឥស្លាមរូបនេះមានក្ដីបារម្ភខ្លះ ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំនេះ។
អូមើត បាននិយាយថា «World Cup ឆ្នាំនេះ ខ្ញុំមិនសូវរំពឹងច្រើនទេ ព្រោះម៉ូតូទឹកខ្ញុំប្រើហ្នឹង គឺជាម៉ូតូចាស់ ៤ឆ្នាំមកហើយ ហើយម៉ូតូទឹកថ្មីដែលខ្ញុំធ្វើហ្នឹង វាជាប់កូវីដរាំងស្ទះនៅអូទ្រីស ព្រោះជាងរបស់ខ្ញុំនៅអូទ្រីស គាត់កើតកូវីដ គាត់មកអត់បាន។ ចឹងយើងក៏សម្រេចចិត្តប្រើម៉ូតូទឹកចាស់ដែលធ្លាប់ប្រកួត Asian Games 2018។ ហេតុនេះម៉ូតូយើងមិនលឿនដូចគេទេ គឺម៉ូតូខ្ញុំរត់បានត្រឹម ១០៥ ទៅ ១០៦ទេ តែម៉ូតូគេរត់បានពេញ ១២០ វាខុសគ្នា...។ ប៉ុន្ដែខ្ញុំសង្ឃឹម ខ្ញុំនឹងប្រើសមត្ថភាពរបស់ខ្ញុំ ដើម្បីដណ្ដើមលទ្ធផលល្អ និងកិត្តិយសជូនជាតិ»។
កីឡាករមានប្រភពពីខេត្តត្បូងឃ្មុំបន្ថែមថា «ចំពោះកីឡាករ ម៉ឺន មូស្ដាន គាត់អាចមានសង្ឃឹមច្រើន ព្រោះគាត់មាន Sponsor មកពីក្លិបថៃមួយទៀត ដែលជាមិត្តភ័ក្ដ្ររបស់គាត់ ចឹងគាត់ឧបត្ថម្ភម៉ូតូទឹកល្អ និងមានល្បឿនលឿនរត់បាន ១២០ដូចគេដែរ ចឹងយើងសង្ឃឹមលើគាត់។ តែយ៉ាងណាពួកខ្ញុំទាំង ២នាក់ នឹងជួយគ្នាក្នុងកាលៈទេសៈណាដែលយើងអាចជួយគ្នាបាន។ យើងនឹងជួយគ្នា ដើម្បីជួយឲ្យប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់ល្អលើឆាកអន្ដរជាតិ ព្រោះនេះជាពានរង្វាន់ពិភពលោកដ៏ធំមួយ ដែលមានការប្រកួតរៀងរាល់ឆ្នាំ...»។
ក្រឡេកទៅចាប់អារម្មណ៍កីឡាករ ៣រូបដែលបានបញ្ចប់ការប្រកួតមុនពីថ្ងៃទី២១-២២ ខែមេសាវិញ កីឡាករ ម៉ឺន អូស្មាន ដែលប្រកួតលើវិញ្ញាសា Novice ski 1500 Stock បានទទួលចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមកីឡាករ ៣០នាក់ ខណៈកីឡាករ សាលី ហ្វីលីន ប្រកួតវិញ្ញាសា Novice Runabout 1100 Stock ទទួលបានចំណាត់ថ្នាក់លេខ៦។ តែអ្វីដែលគួរឲ្យសោកស្ដាយ គឺកីឡាករ កៃ វ៉ាន់ស៊ីដែន ដែលជួបគ្រោះថ្នាក់អំឡុងពេលប្រកួត ដោយរអិលជើងធ្លាក់ពីលើស្គី បណ្ដាលឲ្យរងរបួសចង្ការដេរចំនួន ១៦ថ្នេរ មិនអាចបន្ដការប្រកួតរហូតចប់ចុងចប់ដើមឡើយ ដោយទទួលបានត្រឹមចំណាត់ថ្នាក់លេខ៨ ប៉ុណ្ណោះ៕