(ភ្នំពេញ)៖ សំឡេងដ៏ពីរោះរណ្តំ លាយឡំនឹងភាពសោកសៅរៀបរាប់ក្នុងបទចម្រៀង ក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងមានជំងឺរាតត្បាតកូវីដ-១៩ ដែលបានដាក់បញ្ចូលក្នុងចម្រៀងថ្មីរបស់កំពូលតារាចម្រៀងលំដាប់ប្រទេស ព្រាប សុវត្ថិ ស្តាប់ហើយ សឹងតែធ្វើឲ្យទស្សនិកជនរំជួលអារម្មណ៍ស្ទើរគ្រប់គ្នា។

បទថ្មីរបស់ លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា «យើង ត្រូវ ក្លាហាន-We are Courage» ដែលត្រូវបានផលិតកកម្ម Galaxy Navatra បញ្ចេញនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ទាំងអត្ថន័យ ខ្លឹមសារ និង វីដេអូក្នុងចម្រៀង ត្រូវបានគេមើលឃើញថា ស្ដែងពី តថភាពរបស់ប្រទេសកម្ពុជា តាំងពីសម័យបុរាណរហូតមក ខណៈ បច្ចុប្បន្នប្រជាជនបានរស់ក្រោមម្លប់សន្តិភាព មានភាពសម្បូរសប្បាយរីករាយ ប៉ុន្តែប្រែជាសោកសៅមួយរំពេក ដោយសារការ យាយី ដោយ មេរោគកាច សាហាវកូវីដ-១៩។

បន្ថែមពីនេះ ក្នុងចម្រៀងរបស់លោក ព្រាប សុវត្ថិ មួយនេះ ក៏បានបង្កប់នូវអត្ថន័យ ទាម ទារ ឲ្យ មាន ការរួម គ្នា ជា ធ្លុងមួយ ទាំង អាជ្ញាធរ និង ប្រជាពលរដ្ឋ ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំង យក ឈ្នះ មេរោគ ចង្រៃកូវីដ-១៩ផងដែរ។

បទចម្រៀង ដែលកំពុងតែទទួលបានការពេញនិយមស្តាប់ពីមហាជននេះ ត្រូវបានគេដឹងថា មានការនិពន្ធបទភ្លេង និងទំនុកចម្រៀងដោយកូនប្រុសទី៣របស់លោក ព្រាប សុវត្ថិ ផ្ទាល់តែម្តង សុវត្ថិ សិរីវុឌ្ឍ ដែលជាស្នាដៃពិសេស ទទួលបានការពេញចិត្តយ៉ាងខ្លាំងពីប្រិយមិត្តអ្នកស្តាប់។

ចង់ដឹងថាបទនេះ ពីរោះ និងមានអត្ថន័យយ៉ាងណានោះ សូមរីករាយសណ្តាប់ និងទស្សនាដូចខាងក្រោម៖