(ភ្នំពេញ)៖ ទីបំផុតបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រ៉េត សារីតា បានចាកចេញពីមាតុភូមិ ទៅចូលរួមកម្មវិធី «Miss Universe» នៅអាមេរិកក្នុងថ្ងៃនេះហើយ ខណៈការប្រកួតលំដាប់ពិភពលោកមួយនេះ ត្រូវបានធ្វើឡើង ស្របពេលពិភពលោកទាំងមូល កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងដំណើរចាកចេញពីប្រទេសពេលនេះ បេក្ខនារីកម្ពុជាដែលមានជំនាញអាចនិយាយបាន ៣ភាសា កញ្ញា រ៉េត សារីតា បាននាំយកនូវឈុតតំណាងជាតិ ដែលមានឈ្មោះថា «ទេពរួបរួម» និងក្បាច់គុនល្បុក្កតោខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ ជាពិសេស កញ្ញា រ៉េត សារីតា ធ្លាប់បានលើកឡើងថា បណ្តាប្រទេសជាច្រើនស្គាល់កម្ពុជា តែតាមរយៈរឿងរ៉ាវជូរចត់ អំពីសង្រ្គាមនៅអតីតកាល ហេតុនេះហើយ ការចេញដំណើរទៅប្រកួតលើឆាកអន្តរជាតិលើកនេះ នាងនឹងបង្ហាញពីបច្ចុប្បន្នភាពរបស់កម្ពុជាវិញម្តង ជាពិសេសនាងនឹងបង្ហាញពីភាពរីកចម្រើន ការអភិវឌ្ឍន៍ និងសន្តិភាព ដែលកម្ពុជាមាននៅពេលបច្ចុប្បន្ន។

ទោះបីជាស្ថិតក្នុងសម័យកាលកូវីដ-១៩ កំពុងវាយលុកក្តី តែកម្ពុជានៅតែបញ្ចូនបេក្ខនារីតំណាងប្រទេសរបស់ខ្លួន ទៅចូលរួមប្រកួតប្រជែងតាមការកំណត់ដដែល ហើយអ្នកគាំទ្រនៅកំពុងសង្ឃឹមថា បេក្ខនារីរបស់កម្ពុជា កញ្ញា រ៉េត សារីតា នឹងអាចឈានដល់វគ្គ Top10 ប៉ុន្តែការទទួលបានជ័យលាភី «Miss Universe» គឺអាស្រ័យទៅលើការគាំទ្ររបស់បងប្អូនខ្មែរទាំងអស់គ្នា។

សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាបវរកញ្ញាមួយរូប ដែលពោរពេញដោយសមត្ថភាព ព្រោះក្រៅពីសមត្ថភាពបង្ហាញម៉ូត និងរូបសម្រស់ហើយនោះ ងាកមកផ្នែកចំណេះដឹងទូទៅវិញ គឺនាងមានការចេះដឹងច្រើន ព្រោះក្រៅពីអាចនិយាយភាសាខ្មែរបានល្អហើយនោះ នាងអាចនិយាយភាសាអង់គ្លេស និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ។ រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Freshie Girl រហូតដល់ទៅ២លើក រួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការងារសិល្បៈដោយមិនរុញរា រហូតបានក្លាយជាតារាសម្តែង និងជាពិធីការិនីមានទេពកោសល្យ ប្រកបដោយភាពបត់បែនខ្ពស់ផងដែរ៕