(មីលឡែន)៖ ខ្សែប្រយទ្ធមាឌធំ Zlatan Ibrahimovic បានបន្តកិច្ចសន្យាថ្មីជាមួយក្លិបអ៉ីតាលី AC Milan ក្នុងរយៈពេល ១ឆ្នាំទៀតទាំងដែលវ័យបច្ចុប្បន្នជិតឈាមចូល ៤០ឆ្នាំទៅហើយ បន្ទាប់ពីបានចូលមកកាន់ក្លិបនេះតាំងពីឆ្នាំ២០១៩ ដែលកំពុងរកបាន ១៧គ្រាប់ក្នុងលីគរដូវកាល ២០២០-២០២១។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

Zlatan បានធ្វើកិច្ចសន្យាថ្មីជាមួយ AC Milan បន្ទាប់ពីកិច្ចសន្យាចាស់មានរយៈពេលត្រឹមតែ ៦ខែផុតកំណត់នៅបំណាច់រដូវកាលនេះ នៅពេលរូបគេរកបាន ១៧គ្រាប់ ក្នុងចំណោម ២៥ប្រកួតគ្រប់កម្មវិធីប្រកួតរបស់ AC។ លើសពីនេះទៀត Zlatan រកបាន ៥០០គ្រាប់គិតត្រឹមខែកុម្ភៈក្នុងអាជីពបាល់ទាត់ គ្រាដែលលោកបាននិយាយថា «ការលេងឲ្យ AC Milan គឺដូចជាលេងក្នុងផ្ទះ និងអាចលេងបានរហូត បើសិនជាធ្វើទៅបាន»

កីឡាករដែលមានរហស្សនាម «លោកព្រះ» សញ្ជាតិស៊ុយអែតខាងលើនេះ បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាមួយក្លិប Malmo ក្នុងឆ្នាំ១៩៩៩ មុនបន្តផ្ទេរមកកាន់ក្លិប Ajax, Juventus, Inter Milan, FC Barcelona, Paris St Germain, Manchester United, Los Angeles Galaxy មុនផ្ទេរមកកាន់ទឹកដីប្រទេសអ៉ីតាលី ក្នុងក្លិប AC Milan សារជាថ្មីនេះ។ Zlatan ជាកីឡាករម្នាក់គត់ដែលស៊ុតបានលើស ៥០គ្រាប់ទាំងជាមួយក្លិប AC Milan និង Inter Milan ផងដែរ។

Zlatan អាចនឹងលេងលើសអាយុ ៤០ឆ្នាំជាមួយអតីតក្លិបជើងឯកអ៉ីតាលី ១៨សម័យកាល AC ដោយរូបលោកធ្លាប់បានរួមចំណែកឈ្នះពានរង្វាន់ Serie A ក្នុងឆ្នាំ២០១០-២០១១ និងជាមួយក្លិប Inter Milan ៤ដងផងដែរ ក្រៅពីបានឈ្នះពានលីគប្រចាំតំបន់អឺរ៉ុបធំៗមាននៅលីគបារាំង Ligue 1 និងលីគអេស្ប៉ាញ La Liga ជាមួយក្លិប FC Barcelona និងពានក្របខណ្ឌអឺរ៉ុបទី២ Europa League ជាមួយក្លិប Manchester United និងពានផ្សេងទៀតជាច្រើន៕