(ភ្នំពេញ)៖ កីឡដ្ឋានរបស់ក្លិបបាល់ទាត់វិសាខា គឺទីលានព្រីនស៍ បានទទួលការចាប់អារម្មណ៍ពីមហាជនកាន់តែខ្លាំង បន្ទាប់ពីពួកគេបានសាងសង់កន្លែងអង្គុយថ្មីនៅទិសខាងលិច នៃទីលានប្រកួតដែលមកទល់បច្ចុប្បន្នបានសម្រេចការសាងសង់ប្រមាណ ៨០% ហើយ។

តាមការបញ្ជាក់របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ខាងលើបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា ក្រោយចាប់ផ្ដើមសាងសង់ កាលពីដើមឆ្នាំ២០២០ មកទល់ពេលបច្ចុប្បន្ន កន្លែងអង្គុយថ្មីនៃកីឡដ្ឋានព្រីនស៍ គឺសាងសង់បានប្រមាណ ៨០%ហើយ ដើម្បីត្រៀមស្វាគមន៍ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះ។

ភ្ជាប់ជាមួយរូបភាព និងវីដេអូស្ដីពីវឌ្ឍនភាពនៃការសាងសង់សមិទ្ធផលថ្មីរបស់ក្រុមសេះជំទង់នេះ បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាថ្មី ចំពោះហេដ្ឋារចនាសម្ព័ន្ធថ្មី បន្ថែមលើសមិទ្ធផលចាស់រួមទាំងទីលានស្មៅធម្មជាតិដោយខៀវស្រងាត់ ដែលមើលទៅប្រៀបដូចកីឡដ្ឋានរបស់ក្លិបធំៗមួយចំនួនលើពិភពលោកដែរ ហើយគេរំពឹងថា កីឡដ្ឋានព្រីនស៍ នឹងអាចបើកទ្វារស្វាគមន៍ការប្រកួតអន្ដរជាតិផ្សេងៗបានទៀតផង។

គួរបញ្ជាក់ថា កន្លែងអង្គុយថ្មីរបស់ក្រុមបេក្ខភាពវគ្គជម្រុះពានរង្វាន់ AFC Cup 2021 ខាងលើបានបញ្ចប់ការសាងសង់ផ្នែកសំណង់តាំងពីខែសីហា ឆ្នាំ២០២០ មកម្ល៉េះ ពោលគឺនៅសល់តែការតុបតែង និងបំពាក់គ្រឿងបរិក្ខាផ្សេងៗប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំវិសាខា ក្រោយសាងសង់កន្លែងអង្គុយថ្មីនេះរួច កីឡដ្ឋានព្រីនស៍នឹងអាចផ្ទុកអ្នកទស្សនាផ្ទាល់បានប្រមាណជាង ១ម៉ឺននាក់ឯណោះ មុនពួកគេបន្ដពង្រីកការសាងសង់កន្លែងអង្គុយថ្មីទៀតនាពេលអនាគត៕