(ស៊ីដនី)៖ សហព័ន្ធកីឡាហែលទឹកអូស្ត្រាលី បានប្រកាសមិនបញ្ជូនក្រុមអត្តពលិកទៅប្រទេសជប៉ុន ដើម្បីចូលរួមការប្រកួតហែលទឹកកម្រិតពិភពលោក FINA Diving World Cup 2021 ក៏ដូចជាការប្រកួតសាកល្បងមុនព្រឹត្តិការណ៍ Tokyo Olympics Game ដោយសារមិនមានសុវត្ថិភាពចំពោះមេរោគ COVID-19។ នេះបើតាមការចេញផ្សាយដោយ CNA នារាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
សហព័ន្ធខាងលើបានចាត់ទុកក្រុមអត្តពលិករបស់ខ្លួនជាកត្តាចាំបាច់បំផុត ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពិតជាមិនច្បាស់ទេថា មានសុវត្ថិភាពចំពោះក្រុមកីឡាករ និងមន្រ្តីកីឡាក្នុងចូលរួមប្រកួតកម្រិតពិភពលោក FINA Diving World Cup 2021 ខណៈប្រទេសជប៉ុន កំពុងស្ថិតក្នុងបញ្ហាគ្រប់គ្រង COVID-19 ហើយអាចនឹងក្លាយជារលកទី៤ ដែលអាចវិលទៅរកភាពអាសន្នវិញម្តងទៀតនៅពេលខាងមុខ។
ប្រពភដដែលបានបន្តថា ព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics Game នឹងមានសុវត្ថិភាព គ្រាដែលគណៈកម្មាធិការអូឡាំពិកអូស្ត្រាលី ជឿជាក់ថា ក្រុមអត្តពលិកនឹងទទួលបានការចាក់វ៉ាក់សាំងការពារ COVID-19 មុនការប្រកួតខាងមុខនេះ។ ការប្រកួតកីឡាហែលទឹក គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០១-០៦ ខែឧសភាខាងមុខនេះ៕