(ក្រុងឡុងដ៍)៖ Everton នៅពេលនេះមានគម្លាតតែ ៣ពិន្ទុប៉ុណ្ណោះពីតំបន់ Top-4 កៅអីលេងនៅ UEFA Champions League ក្រោយពេលយកឈ្នះម្ចាស់ផ្ទះ Arsenal ១-០ នៅ Premier League ជើងទី២ សប្តាហ៍ទី៣៣។
៣ពិន្ទុក្រៅដីដ៏សំខាន់នេះដែរ ជាការធ្វេសប្រហែសចូលទីខ្លួន (own gaol) របស់កីឡាករចាំ Bernd Leno របស់កាំភ្លើងធំ នៅនាទី៧៦ ដែលជាជ័យជម្នះលើកដំបូងរបស់ Everton នៅទឹកដី Emirates ទៅលើ Arsenal គិតចាប់តាំងពីឆ្នាំ១៩៩៦ មក។
នៅពេលនេះ ក្រុមស្ករគ្រាប់ Everton បានឡើងទៅឈរនៅលេខរៀងទី៨ ក្នុងតារាង Premier League ជាបណ្តោះអាសន្នវិញ ដោយមាន ៥២ពិន្ទុចាញ់ក្រុមលេខ៤ តោខៀវ Chelsea តែ ៣ពិន្ទុ គ្រាដែល Arsenal របស់លោក Mikel Arteta ឈរនៅលេខ៩ ដោយទើបមាន ៤៦ពិន្ទុ។
ក្រោយទទួលបានជ័យជម្នះនេះដែរ លោក Carlo Ancelotti អ្នកចាត់ការទូទៅ Everton បានថ្លែងក្នុងសន្និសីទថា «Everton ត្រឡប់មកវិញហើយ! បេសកកម្មរបស់ពួកយើងមិនទាន់បញ្ចប់នោះទេ ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៤ ជាមួយនឹងទម្រង់លេងដ៏ល្អ និងអាចទុកចិត្តបាន ដូចអ្វីពីខាងដើមដែលខ្ញុំបាននិយាយថា ពួកយើងត្រឡប់មកវិញហើយ»៕