(ខាឌីស)៖ លោក Ryan Giggs ដែលកំពុងកាន់តួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិវ៉េល បានទទួលរងការចោទប្រកាន់ករណីហិង្សាពីស្រ្តី ២នាក់។
បុរសវ័យ ៤៧ឆ្នាំ សញ្ជាតិវ៉េលខាងលើនេះ ត្រូវបានស្រ្តី ២នាក់ប្តឹងដោយម្នាក់អាយុ ៣០ឆ្នាំ និងម្នាក់ទៀត ២០ឆ្នាំពីបទប្រើអំពើហិង្សាលើរាងកាយ និងការធ្វើទុក្ខបុកម្នេញថែមទៀតផងនៅឯក្នុងទីក្រុង Salford អំឡុងឆ្នាំ២០១៧ និងឆ្នាំ២០២០។
អតីតកីឡាករខ្សែបម្រើប្រយុទ្ធឆ្នើមរបស់ក្លិប Manchester United ក៏ត្រូវបានធានាឲ្យនៅក្រៅឃុំ ក្នុងការបង្ហាញខ្លួននៅតុលាការ Salford Magistrates ផងដែរកាលពីថ្ងៃទី២៨ ខែមេសាឆ្នាំទៅ គ្រាដែលលោក Ryan Giggs បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងមិនទទួលខុសត្រូវចំពោះការចោទប្រកាន់ទាំងនោះឡើយ។
ភ្លាមៗនោះដែរ សហព័ន្ធកីឡាបាល់ទាត់វ៉េល (FAW) បានបញ្ជាក់ថា លោក Robert Page ដែលជាជំនួសការរបស់ Ryan Giggs នោះ នឹងដឹកនាំក្រុមជម្រើសជាតិវ៉េលតែម្តង ដើម្បីលេងនៅព្រឹត្តិការណ៍ពានអឺរ៉ុប Euro 2020 រដូវក្តៅនេះ ដ្បិតលោក Giggs ក៏បានធ្វើការជូនពរដល់លោក Robert Page និងកីឡាករទាំងអស់ឲ្យទទួលបានជោគជ័យផងដែរ៕