(បាសេឡូណា)៖ ទីក្រុង Barcelona របស់អេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតវគ្គជម្រុះកីឡាហែលទឹកសិល្បៈ នៃព្រឹត្តិការណ៍ Olympic ក្នុងខែមិថុនាខាងមុខ បន្ទាប់ពីយុទ្ធនាការនេះមិនអាចធ្វើឡើងបាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធកីឡាហែលទឹក FINA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ការប្រកួតជម្រុះនេះនឹងចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមិថុនា ដែលជាវគ្គជម្រុះចុងក្រោយ មុនពេលព្រឹត្តិការណ៍ 2020 Olympics ដែលត្រូវបានពន្យារពេលនោះ ចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៣ ខែកក្កដា។ វគ្គជម្រុះនេះដែរ គឺយក ៣ក្រុមក្នុងចំណោម ១០ក្រុមដែលចូលរួម។
ការរីករាលដាលនៃមេរោគ COVID-19 បានរំខានដល់ការរៀបចំ សម្រាប់ការចាប់ផ្តើមព្រឹត្តិការណ៍រដូវក្តៅនេះ ជាពិសេស Olympic Games ដែលត្រូវធ្វើឡើងតាំងពីឆ្នាំ២០២០៕