(អាមេរិក)៖ កុមារា Ryan Kaji មកពីរដ្ឋតិចសាស សហរដ្ឋអាមរិក ត្បិតមានវ័យក្មេងក៏ពិតមែន ប៉ុន្តែមានសមត្ថភាពអាចយកប្រាក់ខ្ទង់លានដុល្លារ ខណៈប្រាក់ចំណូលទាំងនោះ គឺទទួលពីបណ្តាញសង្គមយក្ស Youtube តាមរយៈវីដេអូបង្ហាញពីរបស់ក្មេងលេងថ្មីៗ ប្លែកៗ ដែលមានមនុស្សចូលទស្សនារាប់ពាន់លានដង។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រព័ត៌មាន Insider។

កុមារា Ryan Kaji វ័យ៩ឆ្នាំ មកពីគ្រួសារដែលមានបងប្អូនបង្កើតចំនួន៣នាក់ រូបនេះ ត្រូវបានទស្សនាវដ្តីល្បី Forbes ចុះផ្សាយថា បានជាប់ឈ្មោះជាបុគ្គលដែលឈរនៅលំដាប់កំពូល ដែលរកប្រាក់បានច្រើនពីបណ្តាញសង្គម Youtube ក្នុងឆ្នាំ២០២០។ បើតាមការប៉ានស្មានពី Forbes រូបគេមានប្រាក់សរុបចំនួន ២៩.៥លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២០។

YouTube របស់គេ ដែលមានឈ្មោះថា Ryan’s World មានចំនួន Subscribers ២៩.១ លាននាក់ និងមានចំនួនអ្នកចូលទស្សនាសរុបចំនួន ៤៦.១៦ ពាន់លានដង គិតត្រឹមថ្ងៃទី២៨ មីនា ឆ្នាំ២០២១។ Ryan Kaji បានបង្ហោះវីដេអូថ្មីៗជារៀងរាល់ថ្ងៃ ក្នុងយូធូបរបស់គេ។ ក្នុងចំណោមនោះ មានវីដេអូមួយចំណងជើងថា «Huge Eggs Surprise Toys Challeng មានអ្នកចូលទស្សនាលើស២លានដងឯណោះ ត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ និងបានក្លាយជាវីដេអូមួយ ក្នុងចំណោមវីដេអូចំនួន៦០ មានអ្នកចូលមើលច្រើនបំផុតលើយូធូប។

គួរជម្រាបថា ក្មេងប្រុសដែលមានសមត្ថភាពរកប្រាក់រាប់លានដុល្លារក្នុងវ័យ៩ឆ្នាំ Ryan Kaji បានចាប់ផ្តើមបង្កើតយូធូបរបស់គេដំបូង ក្នុងខែមីនា ឆ្នាំ២០១៥ រហូតមកទល់នឹងបច្ចុប្បន្នរូបគេ មានប្រជាប្រិយភាពយ៉ាងខ្លាំង។ វីដេអូរបស់គេ ភាគច្រើន គឺជាការបង្ហាញពីប្រដាប់ក្មេងលេងថ្មីៗ ប្លែក និងការ Unboxing ជាដើម៕