(ប៉េកាំង)៖ ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់កម្មវិធី Tiktok បានប្រកាសឲ្យដឹងថា ខ្លួនគ្មានផែនការចុះបញ្ជីផ្សារហ៊ុន ដើម្បីដាក់លក់ IPO ភ្លាមៗនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១។
ការប្រកាសបែបនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចឮជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន ByteDance គ្រោងនឹងចូលផ្សារភាគហ៊ុនក្នុងពេលឆាប់ៗ ជាពិសេសគឺក្រោយពេលដែល ByteDance បានតែងតាំងអតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Xiaomi លោក Shou Zi Chew ជាប្រធានហិរញ្ញវត្ថុ ដែលវាជាតំណែងថ្មី ពីធ្លាប់មានពីមុនមកឡើយសម្រាប់ក្រុមហ៊ុន ByteDance។
សេចក្តីថ្លែងការណ៍របស់ ByteDance បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុនមិនទាន់បានរៀបចំខ្លួនរួចរាល់សម្រាប់ឈានជើងចូលផ្សារហ៊ុននោះទេ ហើយចំពោះគម្រោងដាក់លក់ IPO ក៏គ្មានដែរ ។ មួយវិញទៀត បើសិនជាចង់ចូលផ្សារហ៊ុន ក៏ត្រូវសិក្សាឲ្យច្បាស់លាស់ផងដែរ។
ក្រុមហ៊ុន ByteDance ត្រូវបានគេដឹងថា បាននឹងកំពុងតែសម្លឹងមើលឱកាសក្នុងការដាក់លក់ IPO ប៉ុន្តែមិនមែននៅក្នុងប្រទេសចិននោះទេ អាចនៅអ៊ឺរ៉ុប ឬសហរដ្ឋអាមេរិក ប៉ុន្តែត្រូវសិក្សាពីច្បាប់ថ្មីរបស់ប្រទេសចិនសិន ព្រោះកន្លងមកថ្មីៗ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញច្បាប់ថ្មីមួយគឺក្រុមហ៊ុនចិនទាំងអស់មុនសម្រេចចិត្តធ្វើការលក់ហ៊ុន ឬអ្វីមួយត្រូវឆ្លងកាត់ការត្រួតពិនិត្យរបស់រដ្ឋាភិបាលសិន៕