(ភ្នំពេញ)៖ នៅសល់រយៈពេល ៤០ថ្ងៃទៀតប៉ុណ្ណោះ ក្រុមជម្រើសជាតិកម្ពុជា នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតសេសសល់ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022 (ជុំទី២) ខណៈត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែនមុនគេ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្ដែពេលនេះ ក្រុមគោព្រៃកម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda នៅមិនទាន់មានការប្រមូលផ្ដុំហ្វឹកហាត់នៅឡើយទេ។

ក្រុមជម្រើសជាតិកម្ពុជា គឺនៅសល់ ៣ប្រកួតក្នុងដៃនៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកខាងលើ ពោលគឺក្រោយជួបបារ៉ែននាថ្ងៃទី០៣ ខែមិថុនា កម្ពុជាត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នៅថ្ងៃទី០៧ ខែមិថុនា និងចុងក្រោយជួបក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅប្រទេសបារ៉ែនតែមួយគត់ បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចផ្ដល់សិទ្ធិឲ្យបារ៉ែនធ្វើម្ចាស់ផ្ទះការប្រកួតសេសសល់ក្នុងពូល C។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានឲ្យដឹងថា កន្លងមកក្រុមការងារជម្រើសជាតិកម្ពុជាដែលដឹកនាំដោយលោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose បានធ្វើការជាមួយគ្នាក្នុងការជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតខាងលើ តែគាប់ជួនប្រទេសជាប់វិបត្តិកូវីដ-១៩ រហូតឈានដល់ការបិទខ្ទប់ភូមិសាស្ដ្រមួយចំនួន ទើបធ្វើឲ្យការប្រមូលផ្ដុំក្រុមជម្រើសជាតិត្រូវខកខាន។

លោកបន្ដថា យ៉ាងណាមិញក្រុមការងារពាក់ព័ន្ធ កំពុងពិគ្រោះគ្នា ដើម្បីស្វែងរកដំណោះស្រាយ ក្នុងការប្រមូលផ្ដុំ ដ្បិតការចូលរួមប្រកួតសេសសល់ខាងលើ គឺជាកាតព្វកិច្ចដ៏សំខាន់មួយ ដែលមានចែងក្នុងច្បាប់ FIFA។ ដោយហេតុនេះ ប្រសិនបើស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលទេនោះ កម្ពុជាអាចនឹងជ្រើសរើសការចេញទៅហ្វឹកហាត់មុននៅប៉ារ៉ែន។ ប៉ុន្ដែអ្វីៗស្ថិតលើស្ថានភាពជាក់ស្ដែង និងការសម្រេចរបស់ថ្នាក់ដឹកនាំសហព័ន្ធសិន។

សូមបញ្ជាក់ថា បេក្ខភាពប្រកួតប្រជែងក្នុងពូល C គឺមានក្រុមគោព្រៃកម្ពុជា, អ៊ីរ៉ង់, អ៊ីរ៉ាក់, ហុងកុង និងប៉ារ៉ែន ហើយក្រុមនីមួយៗភាគច្រើននៅសល់ ៣ប្រកួតក្នុងដៃ លើកលែងតែអ៊ីរ៉ង់ ដែលសល់ ៤ប្រកួតទៀត។ ចំពោះលទ្ធផលបណ្ដោះអាសន្នបច្ចុប្បន្ន អ៊ីរ៉ាក់កំពុងឈរកំពូលតារាង បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត និងរកបាន ១១ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិបារ៉ែន ឈរលេខ២ និងមាន ៩ពិន្ទុ គ្រាដែលអ៊ីរ៉ង់ ឈរលេខរៀងទី៣ និងមាន ៦ពិន្ទុ។

សម្រាប់ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ត្រូវបានពន្យារពេលជាង ១ឆ្នាំមកហើយ ខណៈមុនកំណត់កាលបរិច្ឆេទថ្មីខាងលើ ការប្រកួតនេះក៏ធ្លាប់ឆ្លងកាត់ការពន្យារពេលជាច្រើនលើកផងដែរ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ី ក៏ដូចជាពិភពលោក មានការរីករាលដាលកាន់តែខ្លាំង រហូតដល់ចុងខែកុម្ភៈកន្លងទៅ ទើបសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សម្រេចលើកការប្រកួតទៅប្រកួតនាខែមិថុនាវិញ៕