(ប៉ារីស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) បានប្រកាសថា ទីក្រុង Munich របស់អាល្លឺម៉ង់ នៅតែជាទីតាំងមួយ ក្នុងចំណោមទីក្រុងម្ចាស់ផ្ទះទាំង១២ នៅអឺរ៉ុបនៃព្រឹត្តិការណ៍ Euro 2020 នារដូវក្តៅនេះ ស្របពេលទីក្រុង Bilbao ត្រូវបានជំនួសវិញដោយទីក្រុង Seville របស់អេស្ប៉ាញដូចគ្នា ហើយការប្រកួតដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Dublin របស់អៀរឡង់នោះ ត្រូវបានប្តូរទៅធ្វើនៅទីក្រុង Saint Petersburg របស់រុស្ស៊ី និង London របស់ចក្រភពអង់គ្លេសវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។
ទីក្រុង Bilbao និង Dublin ត្រូវបានដកចេញ ដោយសារមិនអាចធានាអំពីវត្តមាននៃអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន ខណៈទីក្រុង Munich បានអះអាងថា ខ្លួននឹងស្វាគមន៍ «តិចបំផុត ១៤,៥០០នាក់នៃអ្នកទស្សនា» នៅក្នុងការប្រកួតនីមួយៗ ក្នុងចំណោមទាំង ៤ប្រកួតនៅកីឡដ្ឋាន Allianz Arena។
ការប្រកួតពូល E ចំនួន៣ និងការប្រកួតវគ្គ ១៦ក្រុម ដែលដំបូងឡើយគ្រោងធ្វើឡើងនៅទីក្រុង Bilbao នឹងត្រូវផ្លាស់ប្តូរទៅធ្វើឡើងនៅកីឡដ្ឋាន Estadio La Cartuja ស្ថិតក្នុងទីក្រុង Seville វិញ ខណៈទីក្រុងនេះបានសន្យាថា នឹងមានអ្នកចូលរួមទស្សនា ៣០ភាគរយនៃសមត្ថភាពផ្ទុកសរុប។
ទីក្រុង Budapest, St. Petersburg, Baku, Amsterdam, Bucharest, Glasgow, Copenhagen, Rome និងទីក្រុង London បានសន្យាទាំងអស់គ្នាថា នឹងអនុញ្ញាតឲ្យមានអ្នកទស្សនាចម្លោះពី ២៥ភាគរយ ទៅ១០០ភាគរយនៃសមត្ថភាពផ្ទុករបស់កីឡដ្ឋាន រហូតដល់ពេលកំណត់របស់ UEFA ក្នុងខែនេះ។
ព្រឹត្តិការណ៍បាល់ទាត់លំដាប់កំពូលនៅអឺរ៉ុប Euro ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារការរីករាលដាលនៃវីរ៉ុស COVID-19 នេះ នឹងរៀបចំឡើងវិញ ចម្លោះពីថ្ងៃ១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំនេះ៕