(ភ្នំពេញ)៖ បន្ទាប់ពីរស់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល៤៧ថ្ងៃ នៅទីបំផុត តារាចម្រៀង សួស វីហ្សា បានស្និទ្ធស្នាលជាមួយក្រុមគ្រួសារ ជាពិសេសកូនស្រីបណ្តូលចិត្តដូចដើមវិញហើយ បន្ទាប់ពីបញ្ជាប់ការធ្វើចត្តាឡីស័កក្នុងផ្ទះ និងលទ្ធផលធ្វើតេស្ដសំណាកលើកចុងក្រោយបង្ហាញថា នាងបានជាសះស្បើយទាំងស្រុង ពីជំងឺកូវីដ-១៩ហើយ។
អ្នកនាង សួស វីហ្សា បានបង្ហោះសារហ្វេសប៊ុកយ៉ាងដូច្នេះថា «រយៈពេល៤៧ថ្ងៃគត់ ដែលម្តាយបែកពីកូន បែកពីគ្រួសារ តែថ្ងៃនេះអ្វីៗគ្រប់យ៉ាងបានវិលមករកសភាពដេីមវិញហេីយ ខ្ញុំពិតជារំភេីបរកពាក្យអ្វីយកមកនិយាយមិនត្រូវទេ ដឹងត្រឹមតែថាពេលនេះខ្ញុំបានជីវិតដ៏ស្រស់បំព្រងរបស់ខ្ញុំត្រឡប់មកវិញហេីយ (នៅផ្ទះឈ្នះកូវីដ),(កុំភ្លេច៣កុំ ៣ការពារ) អរគុណសន្តិភាព»។
ងាកមកស្វាមីអ្នកនាង សួស វីហ្សា គឺលោក ថមមី វិញ គឺមិនភ្លេចឡើយក្នុងការថ្លែងអំណគុណដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជួរមុខ ដែលខិតខំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានសរសេរសារយ៉ាងដូច្នេះថា «ភាពសប្បាយរីករាយ ភាពជួបជ៉ំបានវិលមកវិញជាមួយក្រុមគ្រួសាររបស់ខ្ញ៉ំវិញហើយ។ ភរិយាខ្ញ៉ំបានទទួលលទ្ធផលជាសះស្បើយ១០០ភាគរយហើយ ពីជំងឺកូវីដ-១៩»។
លោក ថមមី បន្តថា «ខ្ញ៉ំតំណាងឲ្យក្រុមគ្រួសារទាំងមូល សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល មន្រ្តីគ្រប់ជាន់ថ្នាក់នៃប្រទេសកម្ពុជា ជាពិសេសក្រុមទាហានអាវសជួរមុខ។ លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់គ្នាបំផុត សម្រាប់ការមើលថែរក្សាជួយព្យាបាលជំងឺប្រពន្ធខ្ញ៉ំបានជាសះស្បើយ ខ្ញ៉ំសប្បាយចិត្តខ្លាំងណាស់...»។
គួរជម្រាបថា តារាចម្រៀង សួស វីហ្សា បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ និងត្រូវបានបញ្ចូនទៅព្យាបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ហើយបានជាសះស្បើយ ចាកចេញពីមន្ទីពេទ្យ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ សួស វីហ្សា ត្រូវបានក្រុមគ្រូពេទ្យណែនាំឲ្យបន្តធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃបន្ថែមទៀត រហូតមកទល់នឹងពេលនេះ នាងបានបញ្ជាប់ការធ្វើចត្តាឡីស័ក និងលទ្ធផលលើកចុងក្រោយអវិជ្ជមាន បញ្ជាក់ថា សួស វីហ្សា បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩ហើយ៕