(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបង្ហាញអារម្មណ៍ពិតជាមានភាពជឿជាក់ក្នុងជំនួបទល់នឹងក្រុមអេស្ប៉ាញ Real Madrid នៅវគ្គ ៤ក្រុមចុងក្រោយពាន UEFA Champions League បន្ទាប់ពីក្រុមចាប់បានចំណាត់ថ្នាក់ទី៤ ក្នុងតារាងលីគ Premier League ដោយបានយកឈ្នះ West Ham United ១-០ រកបាន ៥៨ពិន្ទុ។

លោក Thomas Tuchel បានលើកឡើងបែបនេះចប់ការប្រកួតថា «វាពិតជាច្បាស់ណាស់សម្រាប់អ្វីគ្រប់យ៉ាងរបស់ក្លិបក្នុងរយៈពេល ១០ឆ្នាំចំពោះពាន Champions League ដែលក្លិបតោខៀវធ្លាប់លើកបានម្តងកាលឆ្នាំ២០១២»។ នេះជាការលើកឡើងក្រោយចប់ការប្រកួតនៅកីឡដ្ឋាន London Store ដែលជាទឹកដីរបស់ក្រុមញញួរធំ។

ជ័យជម្នះរបស់ Chelsea ជាការរកបាន ១គ្រាប់ដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Timo Werner ដែលរូបគេទើបរកបានគ្រាប់ស៊ុតបញ្ចូលទីលើកដំបូងគិតចាប់តាំងពីខែកុម្ភៈ ដែលធ្វើឲ្យលោក Tuchel មានការជឿជាក់ខ្លាំង មុនការប្រកួតជាមួយអតីតក្រុមជើងឯក ១៣សម័យកាល Real Madrid នៅថ្ងៃទី២៨ ខែមេសា សម្រាប់ជើងទី១៕