(ភ្នំពេញ)៖ ជាទូទៅប្រជាជនតែងតែយល់ឃើញថា ប្រសិនបើកូនបំណុលបានជំពាក់ប្រាក់ម្ចាស់បំណុល ដោយកូនបំណុលមិនបានសងប្រាក់នោះទៅឱ្យម្ចាស់បំណុលវិញទេ ដូចនេះម្ចាស់បំណុលអាចទៅយកវត្ថុដែលមានតម្លៃផ្សេងៗពីផ្ទះរបស់កូនបំណុលមកទុកនៅផ្ទះរបស់ខ្លួន។ ការណ៍នេះ ម្ចាស់បំណុលយល់ថាជា «សិទ្ធិឃាត់ទុក» ប៉ុន្តែសកម្មភាពនេះមិនមែនជាសិទ្ធិឃាត់ទុករបស់ម្ចាស់បំណុលទេ ដូចនេះ ថាតើអ្វីជា «សិទ្ធិឃាត់ទុក» ? ហើយគេអាចអនុវត្តសិទ្ធិនេះបាននៅពេលណាខ្លះ?

ដូច្នេះដើម្បីឱ្យយល់កាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សិទ្ធិឃាត់ទុក» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

សិទ្ធិឃាត់ទុក គឺជាសិទ្ធិមួយប្រភេទនៃសិទ្ធិប្រាតិភោគប្រត្សក្ស ដែលមានបញ្ញត្តិនៅក្នុងក្រមរដ្ឋប្បវេណី។ សិទ្ធិនេះសំដៅទៅលើអ្នកកាន់កាប់វត្ថុរបស់អ្នកដទៃ មានសិទ្ធិលើបំណុលដែលបានកើតឡើង ដោយទាក់ទងនឹងវត្ថុនោះអ្នកនោះអាចឃាត់ទុកនូវវត្ថុនោះបាន រហូតដល់ពេលដែលខ្លួនទទួលបានការសងចំពោះសិទ្ធិលើបំណុល។

សិទ្ធិឃាត់ទុកអាចអនុវត្តបាន លុះត្រាតែបំពេញលក្ខខណ្ឌ (មាត្រា ៧៧៤ នៃក្រមរដ្ឋប្បវេណី) ដូចខាងក្រោម៖

* វត្ថុដែលជាកម្មវត្ថុនៃសិទ្ធិឃាត់ទុកជាវត្ថុរបស់អ្នកដទៃ៖ សំដៅទៅលើវត្ថុដែលត្រូវនឹងឃាត់ទុក គឺជាវត្ថុរបស់អ្នកដទៃ អាចជាកម្មសិទ្ធិរបស់កូនបំណុល ឬតតិយជន។
* ការកាន់កាប់វត្ថុដោយម្ចាស់បំណុល៖ សំដៅទៅលើវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិឃាត់ទុកនោះ ត្រូវតែជាវត្ថុដែលកាន់កាប់ដោយម្ចាស់បំណុលរួចជាស្រេច ពោលគឺម្ចាស់បំណុលជាអ្នកក្តាប់ទុកនូវវត្ថុនោះ។ បន្ថែមពីនេះ ការកាន់កាប់វត្ថុនោះដាច់ខាតមិនមែនកើតចេញពីអំពើអនីត្យានុកូលនោះទេ មានន័យថា នៅពេលកូនបំណុលជំពាក់ប្រាក់ម្ចាស់បំណុល ស្រាប់តែម្ចាស់បំណុលបានទៅយកវត្ថុរបស់កូនបំណុលមកកាន់កាប់ដោយខ្លួនឯងតែម្តង។ ឧទាហរណ៍៖ លោក (ក) បានទទួលម៉ូតូពីលោក (ខ) ដើម្បីធ្វើការជួសជុល ដូចនេះម៉ូតូនេះត្រូវបានកាន់កាប់ដោយលោក (ក) រួចជាស្រេច ដែលមិនមែនកើតចេញពីអំពើអនីត្យានុកូលឡើយ។
* ចំណងទំនាក់ទំនងរវាងសិទ្ធិលើបំណុល និងវត្ថុដែលកាន់កាប់ដោយម្ចាស់បំណុល៖ គឺចាំបាច់ត្រូវតែមានទំនាក់ទំនងរវាងសិទ្ធិលើបំណុល និងវត្ថុដែលត្រូវឃាត់ទុកនោះ។ ឧទាហរណ៍៖ នៅពេលជួសជុលម៉ូតូរួចរាល់ លោក (ក) មានសិទ្ធិលើបំណុល (ថ្លៃជួសជុលម៉ូតូ)ចំពោះលោក (ខ) ដោយលោក (ខ) មិនបានសងប្រាក់ថ្លៃជួសជុលទៅឱ្យលោក (ក) ទេ ដូចនេះលោក (ក) មានសិទ្ធិឃាត់ទុកម៉ូតូរបស់លោក (ខ) បាន ពីព្រោះថាសិទ្ធិលើបំណុលបានកើតឡើងដោយសារតែការជួសជុលម៉ូតូរបស់លោក (ខ) ហើយម៉ូតូនេះនៅកន្លែងជួសជុលជាស្រេចដែលត្រូវបានកាន់កាប់ដោយលោក (ក)។
* សិទ្ធិលើបំណុល៖ គឺដល់ពេលកំណត់ត្រូវសង។ ឧទាហរណ៍៖ នៅពេលលោក (ក) ជួសជុលម៉ូតូរបស់លោក (ខ) រួចរាល់ ដូចនេះសិទ្ធិលើបំណុលរបស់លោក (ក) ចំពោះលោក (ខ) បានកើតឡើង និងដល់ពេលកំណត់ដែលត្រូវសងផងដែរ។

ក្រោយពីបានបំពេញលក្ខខណ្ឌខាងលើរួចមក អានុភាពនៃសិទ្ធិឃាត់ទុកនឹងកើតឡើងដូចខាងក្រោម៖

* ម្ចាស់សិទ្ធិឃាត់ទុក (លោក “ក”) មិនមានសិទ្ធិទទួលសំណងជាអាទិភាពលើវត្ថុឃាត់ទុកទេ ប៉ុន្តែមានសិទ្ធិទទួលសំណងជាអាទិភាពលើផលវត្ថុឃាត់ទុក ដោយយកផលនោះមកកាត់ការប្រាក់ជាមុន ហើយប្រសិនបើមានសំណល់ ត្រូវយកមកកាត់ប្រាក់ដើម (មាត្រា ៧៧៥ នៃក្រមរដ្ឋប្បវេណី)។
* ម្ចាស់សិទ្ធិឃាត់ទុក មានករណីយកិច្ចថែរក្សាគ្រប់គ្រងវត្ថុឃាត់ទុក គឺត្រូវកាន់កាប់វត្ថុដោយប្រុងប្រយ័ត្ន ក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត (មាត្រា ៧៧៦ នៃក្រមរដ្ឋប្បវេណី)។
* ម្ចាស់សិទ្ធិឃាត់ទុកមិនអាចប្រើប្រាស់ ជួល ឬយកវត្ថុឃាត់ទុកទៅដាក់ជាប្រាតិភោគ ដោយមិនមានការយល់ព្រមពីកូនបំណុលទេ លើកលែងតែការប្រើប្រាស់ត្រឹមកម្រិតដែលចាំបាច់ ដើម្បីរក្សាវត្ថុដែលឃាត់ទុកនោះ (មាត្រា ៧៧៦ នៃក្រមរដ្ឋប្បវេណី)។
* ម្ចាស់សិទ្ធិឃាត់ទុកមានសិទ្ធិទាមទារឱ្យកម្មសិទ្ធិករនៃវត្ថុសងចំណាយចាំបាច់ សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុឃាត់ទុក (មាត្រា ៧៧៧ នៃក្រមរដ្ឋប្បវេណី)។
* បើម្ចាស់សិទ្ធិឃាត់ទុកបានចំណាយដើម្បីបង្កើនតម្លៃ គាត់អាចទាមទារឱ្យកម្មសិទ្ធិករ (លោក “ខ”) សងចំណាយទាំងអស់ ឬតម្លៃនៃប្រាក់កំណើនតាមការជ្រើសរើសរបស់កម្មសិទ្ធិករ ប្រសិនបើកំណើនតម្លៃនោះនៅតែមាន (មាត្រា ៧៧៧ នៃក្រមរដ្ឋប្បវេណី)។

ការរំលត់សិទ្ធិឃាត់ទុក ដោយមូលហេតុដូចខាងក្រោម៖

* ការរលត់សិទ្ធិឃាត់ទុក ដោយសារការរលត់សិទ្ធិលើបំណុល (មាត្រា ៧៦៩ នៃក្រមរដ្ឋប្បវេណី)។
* ការរលត់សិទ្ធិឃាត់ទុក ដោយការផ្តល់ប្រាតិភោគសមរម្យ (មាត្រា ៧៧៩ នៃក្រមរដ្ឋប្បវេណី)។
* ការរលត់សិទ្ធិឃាត់ទុក ដោយសារការបាត់បង់ការកាន់កាប់ (មាត្រា ៧៨០ នៃក្រមរដ្ឋប្បវេណី)។

សរុបមកសិទ្ធិឃាត់ទុក គឺជាសិទ្ធិមួយដែលបានអនុញ្ញាត និងផ្ដល់ភាពងាយស្រួលដល់ម្ចាស់បំណុល ដើម្បីឃាត់ទុកវត្ថុដែលជាកម្មវត្ថុនៃសិទ្ធិលើបំណុល ក្នុងករណីដែលកូនបំណុលមិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួនជូនម្ចាស់បំណុល។ ប៉ុន្តែទន្ទឹមនឹងនេះ ម្ចាស់បំណុលត្រូវតែបំពេញលក្ខខណ្ឌទាំងបីខាងលើផងដែរ ទើបអាចប្រើសិទ្ធិឃាត់ទុកនេះបាន៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.