(ភ្នំពេញ)៖ កីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាស៊ី និងកីឡាករ ម៉ីន ម៉ូស្ដាន ដែលត្រូវជាប្អូនជីដូនមួយ បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៤ និងលេខ៥ (Top-5) នៃព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ លើវិញ្ញាសាស្គីឈរ (Ski GP)។

សាលី អ៊ូមើត បានបញ្ជាក់ថា ខ្លួន និងប្អូនជីដូនមួយ បានប្រកួតវិញ្ញាសាស្គីឈរ ដែលប្រើកម្លាំងម៉ាស៊ីនដោយសេរីដូចគ្នា មានន័យជាវិញ្ញាសាធំជាងគេក្នុងប្រភេទកីឡាម៉ូតូទឹក ហើយពុំសូវមានកីឡាករអាស៊ីចូលរួមនោះទេ ។ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ់រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៤-២៥ ខែមេសានេះ កីឡាករជម្រើសជាតិកម្ពុជា បានសម្រេចលទ្ធផលដ៏ល្អប្រសើរ ទោះបីពុំទទួលបានជើងឯក តែពួកគេបានបង្កើតកំណត់ត្រាថ្មី ក្នុងនាមកីឡាករអាស៊ីដំបូង ដែលឈ្នះពាន Top-5។

ជើងខ្លាំងម៉ូតូទឹកកម្ពុជារូបនេះ បាននិយាយថា «នេះគឺជាប្រវត្តិសាស្ដ្រថ្មី ដែលកីឡាករកម្ពុជាយើង អាចឈរចំណាត់ថ្នាក់លេខ៤ និងលេខ៥ មានន័យថា ឈរនៅ Top-5 ក្នុងចំណោមប្រទេស និងកីឡាករខ្លាំងៗលើពិភពលោក ។ ខ្ញុំពិតជារំភើបមែនទែន ដោយសារវិញ្ញាសានេះ(Ski GP) មិនដែលមានកីឡាករអាស៊ីណាធ្វើបាននោះទេ សូម្បី Top-10 តែដល់ពេលកីឡាករកម្ពុជាយើង ធ្វើបាន សបញ្ជាក់ឲ្យឃើញថា កីឡាករយើងពិតជាអស្ចារ្យ ដែលមានសមត្ថភាព និងសក្ដានុពលលើឆាកអន្ដរជាតិ»

សម្រាប់ការប្រកួតវិញ្ញាសា Ski GP នេះ គឺមានកីឡាករជើងខ្លាំងជាង ៣០នាក់ មកជុំវិញពិភពលោកចូលរួមប្រកួត ខណៈលទ្ធផលកីឡាករ ដែលទទួលបានចំណាត់ថ្នាក់លើកីឡាករកម្ពុជា រួមមានកីឡាករមកពីប្រទេសប៊ែលហ្ស៊ិក ដែលបានគ្រងជើងឯក ខណៈចំណាត់ថ្នាក់លេខ២ និងលេខ៣ បានទៅកីឡាករបារាំងដូចគ្នា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់កីឡាករ សាលី អ៊ូមើត។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Cup 2021 នៅប្រទេសថៃ បានរៀបចំឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១-២៥ ខែមេសា នៅតំបន់ឆ្នេរ នៃទីក្រុងប៉ាតាយ៉ា ដោយមានប្រទេសជាច្រើនចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករជម្រើសជាតិកម្ពុជា ៥រូបដែរ ។ ចំពោះលទ្ធផលក្រៅពីកីឡាករ សាលី អ៊ូមើត និង ម៉ីន ម៉ូស្ដាន ដែលទទួលបានពាន Top-5 កីឡាករ ម៉ីន អូស្មាន ក៏ដណ្ដើមបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសា Novice ski 1500 Stock ផងដែរ។

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ត្រីសុខាភិបាល កងកម្លាំង អាជ្ញាធរ យុវជន និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការរាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ លោកបានឲ្យដឹងថា វាជាការប្រកួតផ្គួបព្រឹត្តិការណ៍ពីឆ្នាំ២០២០ និងឆ្នាំ២០២១ និងជាការប្រកួត៣ទ្វីប គឺអាមេរិក អឺរ៉ុប និងអាស៊ី ដោយសារមានការខកខាន នៃការប្រកួតក្នុងឆ្នាំកន្លងមក ពីវិបត្តិជម្ងឺឆ្លងកូវីដ-១៩។ បើទោះបីជាកម្ពុជា និងពិភពលោក កំពុងជាប់ដៃប្រយុទ្ធទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ក៏កីឡាករជម្រើសជាតិកម្ពុជា លើប្រភេទកីឡាម៉ូតូទឹក (Jet Ski) មិនបានទម្លាក់ដៃថមថយ ក្នុងការយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែង ហ្វឹកហាត់ជាប់ជាប្រចាំ ដោយមានការចូលរួមចង្អុលបង្ហាញពីគ្រូបង្វឹកផង និងការដឹកនាំក្រុមផ្ទាល់ពីកីឡាកររៀមច្បង គឺវីរកីឡាករ សាលី អ៊ូមើត ផង បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតពិភពលោកនេះ។

លោកប្រធានបានបន្ថែមថា កីឡាករម៉ូតូទឹកកម្ពុជា មានកម្រិតសមត្ថភាពលំដាប់ពិភពលោក ហើយត្រូវបានចាត់ចូលជាប្រភេទកីឡាមានសក្តានុពលខ្ពស់មួយ ដែលកំពុងធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅក្រៅប្រទេស សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនានា ជាពិសេសសម្រាប់ដណ្តើមមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ចំពោះចំណាត់ថ្នាក់ជាជ័យលាភីខាងលើ នៅមិនទាន់ពេញចិត្តសម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជានៅឡើយទេ ពួកគាត់មានការតាំងចិត្តខ្ពស់ នឹងប្រឹងប្រែងបន្ថែម ដើម្បីដណ្តើមយកមេដាយ ក្នុងចំណាត់ថ្នាក់កាន់តែល្អជាងនេះ នៅពេលអនាគតខាងមុខ។

ជាមួយនឹងសមិទ្ធផលទទួលបាន សហព័ន្ធក៏សូមចូលរួមសោកស្តាយចំពោះ កីឡាករជម្រើសជាតិ១រូប លោក កៃ វ៉ាន់ស៊ីដែន ដែលរងគ្រោះថ្នាក់ក្នុងពេលប្រកួត បង្កឲ្យមានរបួស ត្រូវចូលមន្ទីរពេទ្យព្យាបាលផងដែរ។

លោកប្រធានបន្ថែមថា ឆ្នាំ២០២១នេះជាឆ្នាំទី៣ ដែលកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ត្រូវបានសហព័ន្ធបញ្ជូនទៅធ្វើការហ្វឹកហាត់នៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះមានកីឡាករ ជម្រើសជាតិចំនួន៧រូប ចូលរួមប្រមូលផ្តុំ។ ហើយមានកីឡាករចំនួន ៣រូប បន្ថែមទៀត ទទួលបានគុណផលខ្ពស់ អាចចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកម្រិតពិភពលោកបាន ដែលធ្វើឲ្យចំនួនកីឡាករកម្រិតខ្ពស់របស់សហព័ន្ធ បានកើនដល់ចំនួន ៥រូប នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា ដើម្បីបង្កើនគុណផលហ្វឹកហាត់របស់កីឡាករជម្រើសជាតិកម្ពុជាថែមទៀត សហព័ន្ធមានតម្រូវការសម្ភារៈគាំទ្រចាំបាច់ ដូចជាម៉ូតូទឹក (Jet Ski) សម្រាប់កីឡាករជម្រើសជាតិ ពីព្រោះវាជាកីឡាប្រកួតគ្រឿងម៉ាស៊ីន បើទោះបីជាកីឡាករពូកែយ៉ាងណា តែខ្វះម៉ូតូល្អ ក៏មិនអាចប្រកួតបានល្អដែរ ជាក់ស្តែងការប្រកួតក្នុងព្រឹត្តិការណ៍World Cup និង World Series ឆ្នាំ២០២១នេះ វីរកីឡាករ សាលី អ៊ូមើត បានយកម៉ូតូចាស់ (ពីកីឡាអាស៊ី២០១៨) មកកែច្នៃ ដើម្បីចូលរួមប្រកួតជាមួយកីឡាករខ្លាំងៗនៅលើពិភពលោក។ ដូច្នេះ សហព័ន្ធសូមអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុននានា ដើម្បីបន្តឧបត្ថម្ភគាំទ្របន្ថែមទៀត ដល់ក្រុមកីឡាករម៉ូតូទឹកកម្ពុជា ដែលការហ្វឹកហាត់ប្រចាំថ្ងៃ ត្រូវការចំណាយជាច្រើន។

ឆ្លៀតក្នុងឪកាសដែរនេះដែរ លោកប្រធានសហព័ន្ធ ក៏បាននាំមកនូវការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ក្រុមកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងសហការី របស់សហព័ន្ធ ជូនចំពោះការឧបត្ថម្ភគាំទ្រគ្រប់យ៉ាង ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគឺ កិច្ចឧបត្ថម្ភគាំទ្រដោយផ្ទាល់យ៉ាងច្រើនពីសំណាក់ Mr Karl Heinrich Knauf ម្ចាស់ក្លឹប Flamingo Jet Ski Team នៅប្រទេសថៃ និងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ព្រមទាំងសហការី និងកិច្ចគាំទ្រ លើកទឹកចិត្តពីសំណាក់ ពុកម៉ែ បងប្អូន ពីគ្រប់ទិសទីរហូតមក ចំពោះកីឡាករម៉ូតូទឹកកម្ពុជា៕