(ភ្នំពេញ)៖ កម្មករ-កម្មការិនីសំណង់ចំនួន ១,០០០នាក់ ស្មើនឹង ៧០៥គ្រួសារ បានទទួលអំណោយសប្បុរសធម៌ពីបុរីភ្នំពេញថ្មី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នេះ ដើម្បីដោះស្រាយជីវភាពអំឡុងផ្អាកការងារ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈកម្មករ-កម្មការិនីទាំងអស់ បានប្ដេជ្ញាគោរព និងអវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលជានិច្ច ក្នុងការចូលរួមកាត់ផ្ដាច់ចរន្ដឆ្លងជំងឺដ៏កាចសាហាវនេះ។

លោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីខាងលើបានបញ្ជាក់ថា ការចែកអំណោយដល់កម្មករ-កម្មការិនីនេះ ស្របពេលក្រុមហ៊ុនបានសម្រេចផ្អាកការសាងសង់ជាបណ្ដោះអាសន្ន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីលរាលដាលជំងឺកូវីដ-១៩។ ដូច្នេះក្រុមហ៊ុនក៏រៀបចំជាគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលជីវភាពរបស់កម្មករ-កម្មការិនីក្នុងគ្រាដ៏លំបាក នៃការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ទន្ទឹមជាមួយគ្នាលោកអំពាវនាវឲ្យកម្មករ-កម្មការិនីទាំងអស់ ត្រូវរស់នៅតាមរបត់ថ្មី ដោយគោរពវិធានការក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំ ហើយបើគ្មានការចាំបាច់ សូមកុំចេញក្រៅផ្ទះ ឬចល័តទៅកន្លែងហាមឃាត់ផ្សេងៗ ពោលគឺត្រូវសហការ និងគោរពវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាល ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះជាមួយគ្នា។ ពេលស្ថានភាពធូរស្រាល ក្រុមហ៊ុននឹងបើកការសាងសង់ និងផ្ដល់ឱកាសការងារធម្មតាឡើងវិញ។

អ្នកស្រី អៀ អូន កម្មការិនីនៃគម្រោងបុរីខាងលើបានសម្ដែងការសប្បាយចិត្ត ដែលទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំបុរី។ តែទោះបីជួបបញ្ហាជីវភាពអំឡុងពេលបិទខ្ទប់ក្ដី ក៏អ្នកស្រី និងកម្មករ-កម្មការិនីឯទៀត នៅតែគោរពវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយការរស់នៅក្នុងផ្ទះមួយកន្លែង មិនធ្វើដំណើរទៅណាសូម្បីទៅស្រុកកំណើត អំឡុងពេលបុណ្យចូលថ្មីឆ្នាំក៏ដោយ។

ឆ្លៀតឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានថ្លែងអំណរគុណចំពោះបុរីភ្នំពេញថ្មី ដែលបានរៀបចំគ្រឿងឧបភោគបរិភោគដល់កម្មករ-កម្មការិនី ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកលនេះផង។ លោកសង្ឃឹមថា កម្មករ-កម្មការិនីទាំងអស់នឹងបន្ដអនុវត្តវិធានការអនាម័យ និងវិធានការបិទខ្ទប់ រហូតដល់មានការសម្រេចជាថ្មីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា កម្មករ-កម្មការិនីប្រមាណ ១,០០០នាក់ គឺស្មើនឹង ៧០៥គ្រួសារខាងលើ ត្រូវបានបែងចែកជា ៩១ក្រុម ហើយដើម្បីរក្សាគម្លាតសុវត្ថិភាព ក្រុមហ៊ុនបានចែកដល់តំណាងក្រុមនីមួយៗ ដើម្បីចែកបន្ដដល់កូនក្រុមរបស់ខ្លួន ដោយម្នាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ១យួរ, ឆៃប៉ូវ ១គីឡូក្រាម, ភេសជ្ជៈអូវ៉ាន់ទីន ៤ដប និងម៉ាស ១ប្រអប់៕