(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Manchester City បានក្លាយជាជើងឯកពាន League Cup (Carabao Cup) ឆ្នាំ២០២១ នេះ ក្រោយយកឈ្នះគូប្រជែង Tottenham Hotspur ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី២៥ ខែមេសា។

នេះក៏ជាលើកទី៤ ជាប់ៗគ្នាផងដែរ ដែលក្រុមដឹកដោយលោក Pep Guardiola ឈ្នះពានកម្រិតទី៣ អង់គ្លេសមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៨ មក និងបន្តផ្តល់ការខកចិត្តបន្ថែមទៀតដល់ Spurs ដែលទើបបាត់បង់អ្នកចាត់ការទូទៅ Jose Mourinho។

កីឡាករខ្សែការពារ Aymeric Laporte ជាអ្នករកគ្រាប់ជ័យជម្នះចុងម៉ោងនៅនាទី៨២ ពីការបញ្ជូនយ៉ាងស្អាតរបស់ខ្សែបម្រើ Kevin De Bruyne នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៨,០០០នាក់ផងដែរក្នុងកីឡដ្ឋាន Wembley ដែលធ្វើឲ្យពួកគេតាមទាន់កំណត់ត្រារបស់ Liverpool ដែលធ្វើបាន ៤ដងដូចគ្នាគិតចាប់តាំងពីឆ្នាំ១៩៨០ មក។

លោក Pep Guardiola អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City បានថ្លែងក្រោយចប់ការប្រកួតថា League Cup ជាពានលើកទឹកចិត្តមួយសម្រាប់កីឡាករ Man City មុនប៉ះម្ចាស់ផ្ទះ Paris Saint-Germain នៅវគ្គ ៤ក្រុមចុងក្រោយនៃ UCL នៅរាត្រីថ្ងៃពុធ ដ្បិតពួកគេពុំធ្លាប់ឈ្នះពានធំកម្រិតអឺរ៉ុបនេះឡើយ៕