(មីឡាន)៖ ក្រុមបាល់ទាត់ Inter Milan កាន់ប្រកៀកទៅនឹងការឈ្នះជើងឯក Serie A រដូវកាលនេះមែនទែនហើយ ក្រោយបន្ថែម ៣ពិន្ទុក្នុងផ្ទះ តាមរយៈយកឈ្នះ Hellas Verona ១-០ ក្នុងសប្តាហ៍ទី៣៣ ជើងទី២។

Metteo Damain អតីតខ្សែការពារក្លិប Manchester United ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យ Inter នៅនាទី៧៦ ពីការបញ្ជូនរបស់ Arkraf Hakimi ដើម្បីជួយក្រុមនាំមុខកំពូលដាច់ ១៣ពិន្ទុក្នុងចំណោមពិន្ទុសរុប៧៩ ពីក្រុមលេខ២ Atalanta ដែលមាន ៦៨ពិន្ទុ។

នេះមានន័យថា ក្រុមរបស់លោក Antonio Conte ត្រូវការតែ ៥ពិន្ទុទៀតប៉ុណ្ណោះ ក្នុងចំណោម ៥ប្រកួតដែលនៅសល់របស់ពូកគេនារដូវកាលឆ្នាំ២០២០-២០២១ នេះ ដើម្បីឈ្នះជើងឯកលីគកំពូលអ៉ីតាលី Serie A មកវិញ ក្រោយពេលខកខានចាប់តាំងពីឆ្នាំ២០១០ មក គ្រាដែលក្រុមការពារតំណែងជើងឯក Juventus បានកំពុងឈរនៅលេខ៤ ពេលលេងស្មើទល់នឹងម្ចាស់ផ្ទះ Fiorentina ដោយមាន ៦៦ពិន្ទុ។

កីឡាករ Dusan Vlahovic ជាអ្នកស៊ុតគ្រាប់ ១១ម៉ែត្រនាំមុខតាំងពីវគ្គទី១ ឲ្យម្ចាស់ផ្ទះ Fiorentina នៅមុនពេលអតីតខ្សែប្រយុទ្ធក្លិប Chelsea, Alvaro Morata រកបានគ្រាប់តាមស្មើ ១-១ ត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ១នាទី និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី៕