(តូក្យូ)៖ គណៈកម្មាធិការព្រឹត្តិការណ៍ Tokyo Olympics បានស្នើសុំគិលានុបដ្ឋាយិកាប្រមាណ ៥០០នាក់ ដើម្បីជួយក្នុងអំឡុងពេលប្រកួតចាប់ផ្តើម នៅក្នុងឆ្នាំនេះ។ នេះបើតាមលោកស្រីប្រធាន Toshiro Muto ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា គណៈកម្មាធិការរៀបចំបានស្នើសុំទៅកាន់សមាគមគិលានុបដ្ឋាយិការបស់ជប៉ុន ដើម្បីជួយនៅទីលានបុគ្គលិក Olympic និងភូមិអត្តពលិកទាំងមុនពេល និងអំឡុងពេលប្រកួតចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំនេះ។

អ្នករៀបចំព្រឹត្តិការណ៍ Olympic កំពុងតែជំរុញការត្រៀមរបស់ពួកគេ ខណៈប្រទេសជប៉ុនកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19។ ជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសតំបន់មួយចំនួនរួមមានទីក្រុង Tokyo និងទីក្រុង Osaka ឲ្យស្ថិតក្នុងស្ថានភាពអាសន្ន។

គណៈកម្មាធិការរៀបចំបានឲ្យដឹងដែរថា ខ្លួននឹងជួបប្រជុំជាមួយអ្នកជំនាញវេជ្ជសាស្ត្រនៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាលើវិធានការបង្ការជំងឺ COVID-19 របស់ខ្លួន៕