(មេនឆេស្ទើ)៖ ខ្សែការពារអន្តរជាតិកូដឌីវ័រ Eric Bailly បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីរយៈពេល ៣ឆ្នាំទៀតជាមួយក្លិបបិសាចក្រហម Manchester United ដែលធ្វើឲ្យរូបលោកលេងនៅ Premier League រហូតដល់ឆ្នាំ២០២៤ ឯណោះ និងជម្រើសថែម ១២ខែផង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
កីឡាករលំដាប់អន្តរជាតិខាងលើនេះ នឹងអស់សុពលភាពកិច្ចសន្យាចាស់នៅកីឡដ្ឋាន Old Trafford នៅបំណាច់រដូវកាលក្រោយ ហើយត្រូវបានគេសន្និដ្ឋានថា លោកនឹងចាកចេញពីក្លិបទៀតផង។
កីឡាករវ័យ ២៧ឆ្នាំ Bailly បានតស៊ូពុះពារជាច្រើនជាមួយនឹងការរងរបួសចាប់តាំងពីបានចូលលេងនៅក្លិបនេះ ក្រោយពីចាកចេញពីក្លិប Villarreal របស់អេស្ប៉ាញ ក្នុងឆ្នាំ២០១៦។ ប៉ុន្តែលោកបានបង្ហាញខ្លួនយ៉ាងល្អបំផុតសម្រាប់ United នៅរដូវកាលនេះដោយបង្ហាញខ្លួនបាន ១០០ប្រកួតមកហើយ សម្រាប់ក្រុមខ្លាំងប្រចាំទីក្រុង Manchester ប្រទេសអង់គ្លេស៕