(ក្រុងឡុងដ៍)៖ ក្រុមកញ្រ្ជោងខៀវ Leicester City បានខិតជិតកាន់តែខ្លាំងសម្រាប់ភាគរយខ្ពស់ក្នុងការឡើងទៅប្រជែងពានលីគអឺរ៉ុប UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីបានវាយបកយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ២-១ នៃការប្រកួតលីគអង់គ្លេស Premier League សប្តាហ៍ទី៣៣ ជើងទី២ ដែលគ្រាប់ជ័យជម្នះធ្វើបានដោយកីឡាករ Kelechi Iheanacho នៅនាទីចុងម៉ោង។
Crystal Palace រកបានគ្រាប់នាំមុខដោយខ្សែប្រយុទ្ធ Wilfried Zaha ក្នុងការចាប់ផ្តើមបានត្រឹម ១២នាទីដំបូងនៃវគ្គទី១ និងការតាមស្មើមកវិញពីក្រុមម្ចាស់ផ្ទះ ដោយកីឡាករ Timothy Castagne មុនពេលគ្រាប់ជ័យជម្នះធ្វើបានដោយមិត្តរួមក្រុម Kelechi Iheanacho ធ្វើឲ្យក្រុមដែលដឹKនាំដោយលោក Brendan Rodgers រកបាន ៦២ពិន្ទុឈរលេខរៀងទី៣ ក្នុងតារាង Premier League នៅសល់តែ ៥ប្រកួតទៀត បញ្ចប់រដូវកាល២០២០-២០២១។
ក្រុមដែលធ្លាប់លើកពាន Premier League រដូវកាលឆ្នាំ២០១៦ Leicester City បច្ចុប្បន្នកំពុងមានភាគរយខ្ពស់ក្នុងតំបន់ Top4 នៃការឡើងទៅលេងពានរង្វាន់អឺរ៉ុប Champions League រដូវកាលក្រោយ នៅពេលក្រុមខ្លាំង Manchester City និង Manchester United ឈរកំពូលតារាង និងតោខៀវ Chelsea ឈរលេខ៤ ប្រជែងពិន្ទុគ្នាជាមួយក្រុម West Ham United ដែលឈរលេខ៥៕