(ភ្នំពេញ)៖ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាជឺជិតស៊ូដ៏ធំនៅអាមេរិក គឺព្រឹត្តិការណ៍ «Who’s Number One ឬ នរណាលេខ១» ដោយនាងគ្រោងប្រកួតជាមួយកីឡាការិនីអាមេរិក Grace Gundrum នាថ្ងៃទី៣០ ខែមេសាចុងសប្ដាហ៍នេះ។
តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធីប្រកួតនៃស្ថាប័ន FloGrappling បានឲ្យដឹងថា ម្ចាស់មេដាយមាសកីឡាអាស៊ីកម្ពុជា ខាន់ ចេសា បានសម្រេចដកខ្លួនវិញ ព្រោះនាងមានបញ្ហារបួសមិនអាចប្រកួតចុងខែនេះបាន។ ដូច្នេះគណៈកម្មការ ក៏សម្រេចផ្គូផ្គងកីឡាការិនីវ័យ ១៨ឆ្នាំ Gundrum ឲ្យជួបកីឡាការិនី Alex Nguyen វិញ។
នេះគឺជាដំណឹងគួរឲ្យសោកស្ដាយសម្រាប់កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើ ដែលខកខានក្នុងការប្រកួតដ៏ធំនេះ ដ្បិតការបង្ហាញខ្លួនលើកចុងក្រោយ ក្នុងព្រឹត្តិការណ៍ Who’s Number One ចេសា បានយកឈ្នះពិន្ទុលើកីឡាការិនីប្រេស៊ីល Danielle Kelly ដោយឯកច្ឆ័នកាលពីចុងខែកុម្ភៈកន្លងទៅ។
គួរបញ្ជាក់ថា ខាន់ ចេសា គឺជាកីឡាការិនីខ្មែរ-អាមេរិកទី២ ដែលត្រូវដកខ្លួនពីការប្រកួតធំៗនៅចុងខែនេះ បន្ទាប់ពីកីឡាការិនី ឯម សុវណ្ណារី ដែលខកខានឡើងសង្វៀន ONE Championship ដោយសាររបួសដូចគ្នា ដ្បិតនាងត្រូវជួបកីឡាការិនីអាមេរិក Colbey Northcutt Daniels នាថ្ងៃទី២៨ ខែមេសាស្អែកនេះ៕