(អាមេរិក)៖ ស្បែកជើងប៉ាតាម៉ាក់ Nike Air Yeezy មួយគូ របស់តារារ៉េបល្បីឈ្មោះអាមេរិក Kanye West ដែលធ្លាប់ពាក់ចូលរួមកម្មវិធីល្បីៗនោះ នៅពេលនេះលក់បានតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយបញ្ចប់ការដេញថ្លៃ គឺក្នុងតម្លៃ ១.៨ លានដុល្លារអាមេរិកឯណោះ ដែលធ្វើឲ្យវាជាប់កំណត់ត្រា ជាស្បែកជើងប៉ាតាថ្លៃបំផុតលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។
ស្បែកជើងប៉ាតាមួយគូរបស់តារារ៉េប Kanye West នោះ ដំបូងឡើយដាក់ឲ្យដេញថ្លៃក្នុងតម្លៃ១លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែតម្លៃក្រោយបញ្ជប់ការដេញថ្លៃ ក៏បានឡើងដល់ ១.៨ លានដុល្លារអាមេរិកតែម្តង ដែលធ្វើឲ្យវាបំបែកកំណត់ត្រា ក្លាយជាស្បែកជើងប៉ាតាថ្លៃបំផុតលើពិភពលោក ដែលបានលក់ជាលក្ខណៈឯកជនមួយ។ នេះបើតាមការបញ្ចេញពីក្រុមហ៊ុនដេញថ្លៃ Sotheby នៅថ្ងៃច័ន្ទសប្តាហ៍នេះ។
គួរជម្រាបថា តារារ៉េបអាមេរិក Kanye West បានពាក់ស្បែកជើងប៉ាតាមួយគូនោះ ចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់លំដាប់ពិភពលោក Grammy Awards លើកទី៥០ កាលពីឆ្នាំ២០០៨។ ត្បិតម៉ូតស្បែកជើងប៉ាតាមួយគូនេះ មិនធ្លាប់ផ្ទុះការលក់ដាច់ខ្លាំងក្តី តែពេលនេះវាមានតម្លៃលើសពី ១លានដុល្លារឯណោះ៕