(ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវដាក់នូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ អាជីវកម្ម, រោចក្រ, សហគ្រាស និងសាលារៀនជាច្រើន ត្រូវបានផ្អាកដំណើរការ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវិដ-១៩។ នៅតាមតំបន់ជាច្រើន ក្នុងទីក្រុងភ្នំពេញ គឺកំពុងមានការខ្វះខាតនូវស្បៀងអាហារផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។

ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការរបស់បុគ្គលិករបស់ខ្លួន កំឡុងពេលស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន T F Motors Cambodia Co., Ltd ដែលជា ក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ ក្នុងការនាំចូលរថយន្ត MG, Maxus និង ម៉ូតូ Royal Enfield បានឧបត្ថម្ភអង្ករ ដល់បុគ្គលិករបស់ខ្លួន ក្នុងម្នាក់ទទួល បានអង្ករ៥០គីឡូ ដើម្បីជួយសម្រាលបន្ទុក ក៏ដូចជាជួយដោះស្រាយជីវភាព ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។ នេះគឺជាការរួមចំណែកមួយ ដើម្បីកាត់បន្ថយការចំណាយរបស់បុគ្គលិក និងកាត់បន្ថយការចេញទៅក្រៅ ដើម្បីទិញអង្ករ ឬម្ហូបអាហារ។

ក្នុងការឧបត្ថម្ភអង្ករនេះផងដែរ លោក ពុំ សូរិយា ប្រធានប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានថ្លែងថា «ការផ្តល់ជូនអំណោយនេះ គឺជាផ្នែកមួយ ដើម្បីជួយសម្រាលបន្ទុករបស់បុគ្គលិករបស់ខ្លួន អំឡុងពេលដែលរដ្ឋាភិបាល កំពុងអនុវត្តការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្តាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩»។

លោកបានបន្ថែមទៀតថា «យើងនឹងរួមគ្នាអនុវត្ត និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ ដើម្បីឲ្យអ្វីៗ អាចត្រលប់ទៅកាន់ភាពប្រក្រតីវិញ»

គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន TF Motors Cambodia ក៏បានឧបត្ថម្ភសម្ភារប្រើប្រាស់មួយចំនួនដូចជា៖ តង់ចំនួន៥០, ធុងទឹកកក, បង់បិតដំបៅ, ទឹកសម្លាប់មេរោគ, ទឹកសុទ្ធ១០០កេស, និងថវិកាមួយចំនួនជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ដើម្បីចូលរួមយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ៕

http://image.freshnewsasia.com/2020/id-022/fn-2021-04-27-13-32-40-0.JPG