(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា នៅសល់ការប្រកួតជម្រុះតែ ១ប្រកួតប៉ុណ្ណោះ ដើម្បីប្រជែងកៅអីវគ្គចែកពូល (Group Stage) នៃពានរង្វាន់ «AFC Cup 2021» ពោលគឺត្រូវជួបក្រុមទីម័រខាងកើត Lalenok United ក្នុងវគ្គជម្រុះបឋម នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅរសៀលថ្ងៃអង្គារ៍នេះ បន្ទាប់ពីទទួលបានការជូនដំណឹងពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។
បេក្ខភាពវគ្គជម្រុះពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីខាងលើ បានបញ្ជាក់ថា «ដំបូងឡើយ ការប្រកួតជម្រុះនេះ គឺបែងចែកជា ២ដំណាក់កាល, ទី១-ការប្រកួតវគ្គជម្រុះបឋម-ជុំទី២ (Preliminary stage-Round 2) ដែលពួកយើង ត្រូវជួបក្លិប Lalenok United និងទី២-ក្រុមដែលទទួលបានជ័យជម្នះក្នុងការប្រកួតដំណាក់កាលទី១ នឹងត្រូវឡើងទៅជួបក្លិប Persipura Jayapura FC របស់ឥណ្ឌូនេស៊ី ក្នុងវគ្គជម្រុះ Play-Off Stage ដើម្បីកំណត់ក្រុមឈ្នះឡើងទៅបង្គ្រប់កៅអីពូល H។ ប៉ុន្ដែដោយសារក្លិបបាល់ទាត់ចំនួន ២ របស់មីយ៉ាន់ម៉ា រួមមានក្លិប Shan United និងក្លិប Hantharwady United បានសម្រេចដកខ្លួនពីការប្រកួតពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ AFC បានសម្រេចឲ្យក្លិប Persipura Jayapura FC ឡើងវគ្គចែកពូល នៃពូល H ដោយស្វ័យប្រវត្តិតែម្ដង ជំនួសក្លិប Shan United រួមជាមួយ ៣ក្រុមផ្សេងទៀត គឺក្លិប Kedah Darul Aman FC (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី), និងក្លិប Saigon FC (វៀតណាម)»។
ចំណែកការប្រកួត Play-Off Stage របស់ក្រុម Persipura Jayapura FC ត្រូវបានលុបចោល ដែលនាំឲ្យក្លិបកីឡាបាល់ទាត់ វិសាខា របស់យើង និងក្លិប Lalenok United នៅសល់ការប្រកួតជម្រុះតែ ១ដំណាក់កាលប៉ុណ្ណោះ ដើម្បីស្វែងរកក្រុមឡើងវគ្គចែកពូល តែមិនមែនពូល H ទៀតឡើយ ដោយប្ដូរទៅប្រជែងកៅអីពូល I វិញ ដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) កំពុងឈរចាំ។
គួរបញ្ជាក់ថា ការប្រកួតជម្រុះបឋមរវាងវិសាខា ជាមួយក្រុម Lalenok United ដើមឡើយគ្រោងប្រកួតនៅថ្ងៃទី២៨ ខែមេសាស្អែកនេះ តែដោយសារស្ថានភាព នៃការរីករាលដាលខ្លាំងជំងឺកូវីដ-១៩ វិសាខា បានស្នើពន្យារពេល ហើយ AFC ក៏បានឯកភាព ដោយលើកការប្រកួតនេះ ទៅធ្វើឡើងនាថ្ងៃទី១៩ ខែឧសភាវិញ។ ប៉ុន្ដែពេលវេលាប្រកួត និងប្រទេស ដែលត្រូវយកធ្វើជាទឹកដីកណ្ដាល សម្រាប់រៀបចំការប្រកួតរវាងក្រុមទាំងពីរ នៅមិនទាន់កំណត់នោះទេ៕