(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសថា ខ្លួនបានឆ្លងជំងឺកូវីដ-១៩ នៅពេលនេះតារាកំប្លែង កញ្ញា យេយេ បានបញ្ជាក់បន្ថែមថា រហូតមកទល់នឹងពេលនេះ សមាជិកក្រុមគ្រួសាររបស់នាង សរុបចំនួន២២នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខណៈឪពុករបស់នាងតេស្តអវិជ្ជមានលើកទី១។
តារកំប្លែង យេយេ បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បន្ថែមថា បន្ទាប់ពីមានអាការៈសង្ស័យ សមាជិកគ្រួសាររបស់នាងទាំងអស់ បាននាំគ្នាទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ខណៈលទ្ធផល គឺបានបង្ហាញថា វិជ្ជមានចំនួន២២នាក់ ក្នុងនោះមានតែឪពុករបស់នាងម្នាក់ទេ ដែលអវិជ្ជមាន។
តារាកំប្លែងមាឌធំរូបនេះ បានបន្តថា សមាជិកគ្រួសាររបស់នាងទាំងអស់ ដែលបានឆ្លងជំងឺដ៏កាចសាហាវនេះ ត្រូវបានបញ្ចូនទៅព្យាបាលនៅទីតាំងផ្សេងៗពីគ្នា មានដូចជា កោះពេជ្រ, នៅសាលាជម្ពូរវ័ន្ត និងនៅពិភពថ្មីសែនសុខ។ យេយេ បានសង្កត់ធ្ងន់ថា ការឆ្លងនេះ គឺសមាជិកគ្រួសាររបស់នាង មិនមែនឆ្លងពីរូបនាងនោះទេ ពោលគឺឆ្លងពីសហគមតែម្តង ព្រោះទីតាំងដែលសមាជិកគ្រួសាររបស់នាងរស់នៅ គឺស្ថិតក្នុងខណ្ឌមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំង។
ជាមួយគ្នានេះ យេយេ បានសម្តែងការព្រួយបារម្ភជាខ្លាំង ព្រោះក្នុងគ្រួសាររបស់នាងគឺឆ្លងទាំងអស់ មិនថាបងស្រីបងប្រុស ជាពិសេសក្មួយៗដែលនៅតូចជាដើម។
គួរបញ្ជាក់ថា កញ្ញា យ៉េយ៉េ បានប្រកាសថា ខ្លួនមានវិជ្ជកូវីដ-១៩ នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ខណៈបច្ចុប្បន្ននាងមានស្ថានភាពប្រសើរឡើងហើយ និងកំពុងទទួលការព្យាបាល នៅវិមានពិភពថ្មីសែនសុខ៕