(វ៉ាសរ)៖ ក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ទាំងផ្នែកបុរស និងស្ត្រី បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងរបស់ពួកគេ ក្នុងការបង្ការជំងឺ COVID-19 ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាចម្រុះ Olympic Games ដែលនឹងធ្វើឡើងនៅទីក្រុង Tokyo ប្រទេសជប៉ុននាពេលខាងមុខ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទះប៉ូឡូញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បានបញ្ជាក់កាលពីដើមខែនេះថា អត្តពលិកអូឡាំពិករបស់ប៉ូឡូញទាំងអស់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងមុនពេលទៅចូលរួមព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុង Tokyo។
ក្រុមកីឡាករជិះកង់ និងកីឡាករបាល់ទះ គឺជាក្រុមដំបូងគេដែលទទួលបានការចាក់វ៉ាក់សាំង នៅក្នុងដំណើរការចាក់ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ កីឡាករបាល់ទះផ្នែកបុរស ១៣នាក់ កីឡាការិនី ៦នាក់ និងបុគ្គលិកផ្នែកបង្វឹក នៃក្រុមទាំងពីរនេះបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី១ រួចរាល់ហើយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា Tokyo 2020 ដែលត្រូវបានពន្យារពេល ១ឆ្នាំដោយសារការរីករាលដាលនៃជំងឺ COVID-19 នោះ គ្រោងនឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៕