(រីយ៉ូ)៖ លោក Ariel Holan ជនជាតិអាហ្សង់ទីន បានលាលែងចេញពីតំណែងជាអ្នកចាត់ការទូទៅក្លិប Santos របស់ប្រេស៊ីលហើយ ក្រោយពីបំពេញការងារបាន ២ខែជាមួយនឹងការដឹកនាំបាន ១២ប្រកួតផងនោះ។ នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
ការប្រកាសនេះត្រូវបានធ្វើឡើងមិនដល់ ១ថ្ងៃនោះទេ បន្ទាប់ពី Santos បានចាញ់គូប្រជែង Corinthians ក្នុងលទ្ធផល ២-០ ជាការចាញ់លើកទី៣ ជាប់ៗគ្នារបស់ពួកគេនារដូវកាលឆ្នាំ២០២១ នេះ។
ប្រធានក្លិប Santos លោក Andres Rueda បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំមួយរវាងថ្នាក់ដឹកនាំក្លិប និងអ្នកចាត់ការទូទៅវ័យ ៦០ឆ្នាំរូបនេះកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន។
គួរបញ្ជាក់ថា លោក Holan បានដឹកនាំក្លិប Santos ទទួលបានជ័យជំនះ ៤ប្រកួត ដោយស្មើ៣ប្រកួត និងចាញ់ ៥ប្រកួត បន្ទាប់ពីការតែងតាំងរបស់លោកកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១៕