(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី នៅថ្ងៃទី២៨ ខែមេសានេះបានផ្ញើសារមួយពីសាធារណរដ្ឋកូរ៉េ ដោយជូនពរប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសឲ្យចៀសផុតពីជំងឺកូវីដ-១៩ ពិសេសត្រូវគោរពវិធានការក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ ព្រោះបុគ្គលម្នាក់អាចធ្វើឲ្យមនុស្សរាប់រយលាននាក់ រងទុក្ខ ឬរួចផុតពីជំងឺនេះបាន។
អតីតម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ រូបនេះនិយាយថា «ក្នុងឱកាសនេះ នាងខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក្នុងស្រុក និងក្រៅប្រទេសទាំងអស់ រួមទាំងកីឡាករ-កីឡាការិនី សូមចូលរួមថែរក្សាសុខភាព និងជួយទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាលជុំវិញពិភពលោក ក៏ដូចជានៅកម្ពុជា កំពុងតែរងទុក្ខដោយសារជំងឺនេះ។ នាងខ្ញុំសូមឲ្យពុកម៉ែបងប្អូនជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល»។
លើសពីនេះ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំដដែលបានសង្កត់ធ្ងន់ថា «យើងតែម្នាក់ ក៏អាចធ្វើឲ្យមនុស្សរាប់រយលាននាក់រងទុក្ខដោយសារតែយើង យើងតែម្នាក់ ក៏ធ្វើឲ្យមនុស្សរាប់រយលាននាក់ រួចផុតពីជំងឺកូវីដ-១៩។ ខ្ញុំសូមជូនពរឲ្យកម្ពុជាយើងរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ហើយក៏សូមអរគុណពុកម៉ែបងប្អូន ដែលតែងតែស្រលាញ់ និងគាំទ្រនាងខ្ញុំរហូតមក»។
គួរបញ្ជាក់ថា បច្ចុប្បន្នកីឡាការិនី ស្រួង ភាវី កំពុងរស់នៅប្រទេសកូរ៉េ ជាមួយស្វាមីដោយប្រកបអាជីពជាកីឡាការិនីស្នូកឃ័រដ៏ល្បីឈ្មោះ និងធ្លាប់ឈ្នះជើងឯកថ្នាក់ជាតិនៅកូរ៉េជាច្រើនសម័យ។ អ្វីដែលពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាការិនីមានសម្រស់ដ៏ស្រស់ស្អាតមិនចាញ់តារារូបនេះ តែងតែចូលរួមប្រកួតអន្ដរជាតិនានា ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា ហើយបានដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិជាបន្ដបន្ទាប់ទៀតផង៕