(ភ្នំពេញ)៖ បណ្តាអ្នកគាំទ្ររបស់តារាចម្រៀងបែបយុវវ័យ ងួន ចាន់ដេវីត ហាក់មានការសោកស្តាយជាខ្លាំង ក្រោយតារាចម្រៀងរូបនេះ បានប្រកាសបិទ YouTube ផ្លូវការរបស់ខ្លួន នាពេលឆាប់ៗខាងមុខ ខណៈបទចម្រៀងដែលធ្លាប់តែចាក់ស្តាប់នាពេលកន្លងមក ក៏ត្រូវបាត់អស់ផងដែរ។ ទន្ទឹមគ្នានឹងការប្រកាសបែបនេះ ក៏នាំឲ្យមានការសង្ស័យថា ទំនងជាតារាចម្រៀងរូបនេះ ចាកចេញពីវិស័យចម្រៀង ទៅធ្វើការងារអ្វីផ្សេងហើយមើលទៅ។
តារាចម្រៀង ងួន ចាន់ដេវីត បានសរសេរសារជូនដំណឹងទៅកាន់បណ្តាអ្នកគាំទ្ររបស់ខ្លួន តាមរយទំព័រហ្វេសបុកយ៉ាងដូច្នេះថា «សេចក្តីប្រកាសជូនដល់អ្នកគាំទ្រ! អ្នកគាំទ្រអាចមានពេលចាប់ពីយប់នេះរហូតដល់ ថ្ងៃទី១ ខែឧសភា ដើម្បី download ចម្រៀងចាស់ៗនៅក្នុង channel មួយនេះទុកជាអនុស្សាវរីយ៍ មុនពេលវាត្រូវបានលុប ដោយការគិតរយៈពេលជាយូរមកហើយខ្ញុំជាម្ចាស់ channel មួយនេះក៏បានសម្រេចថានឹង បិទ channel នេះជាផ្លូវការនៅថ្ងៃទី១ ខែឧសភា។ ដោយសុំការយោគយល់ពីអ្នកគាំទ្រ សង្ឃឹមថាបងប្អូននឹងគាំទ្រនូវការសម្រេចចិត្តរបស់ខ្ញុំមួយនេះ។ ដោយក្តីគោរពពីខ្ញុំ»។
ឆ្លងតបនឹងសារជូនដំណឹងខាងលើនេះ អ្នកគាំទ្រហាក់មានការសោកស្តាយយ៉ាងខ្លាំង ត្បិតមានចម្រៀងពីរោះៗជាច្រើនបទ គ្រប់ប្រភេទ របស់តារាចម្រៀងរូបនេះ ដែលបានបញ្ចេញក្នុងយូធូបផ្លូវការមួយនេះ ជាច្រើនឆ្នាំមកហើយ។ ជាពិសេស ការប្រកាសបិទនេះ លោក ងួន ចាន់ដេវីដ មិនបានបញ្ជាក់ពីមូលហេតុឡើយថា តើមូលហេតុអ្វីទើបលោកសម្រេចបិទយូធូបផ្លូវការរបស់ខ្លួននេះ។
ទន្ទឹមគ្នានេះ ជុំវិញការសង្ស័យថា លោកនឹងចាកចេញពីការងារសិល្បៈនោះ តារាចម្រៀងបែបយុវវ័យ ងួន ចាន់ដេវីត មិនទាន់បានចេញមកបញ្ជាក់ ដើម្បីឲ្យអ្នកគាំទ្រស្ងប់ចិត្តឡើយ។
គួរជម្រាបថា លោក ងួន ចាន់ដេវីត មិនត្រឹមតែជាតារាចង្រៀងនោះទេ លោកមានសមត្ថភាពនិពន្ធចម្រៀង ធ្វើបទភ្លេងផ្ទាល់ខ្លួនទាំងគ្រប់ប្រភេទចម្រៀងផងដែរ។ លោកត្រូវបានគេដឹងថា ចូលប្រឡូកក្នុងវិស័យចម្រៀងនៅអំឡុងឆ្នាំ២០១៤ ចាប់តាំងពីពេលនេះមក គឺមានចម្រៀងមិនតិចនោះ ដែលមានការពេញចិត្ត និងនិយមស្តាប់ពីសំណាក់ទស្សនិកជន។ ក្រោយចាកចេញពីផលិតកម្មរស្មីហង្សមាស គេមើលឃើញថា លោកបានបង្កើតឈ្មោះជាផ្លូវការមួយ សម្រាប់យូធូបរបស់លោក គឺ DIT WAY ដែលពេលនេះប្រកាសថា នឹងលុបចោលនាពេលឆាប់ៗខាងមុខ៕