(ភ្នំពេញ)៖ បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃជំងឺកូវីដ១៩ ក្នុងករណីឆ្លងជាសហគមន៍ «ព្រឹត្តិការណ៍២០ កុម្ភៈ» រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីសម្រេចមួយស្តីពីការអនុវត្តវិធានការបណ្តោះអាសន្ននៃវិធានការរដ្ឋបាល ដើម្បីការពារការរីករាលដាលនៃជំងឺរាតត្បាតនៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន។

បទបញ្ញត្តិថ្មីដែលមានសុពលភាពពចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានតម្រូវឲ្យផ្អាកជាបណ្តោះអាសន្ននូវការជួបជុំ និងសកម្មភាពអាជីវកម្មមួយចំនួន ក៏ដូចជាការដាក់បម្រាមគោចរចាប់ពីម៉ោង ៨ យប់ដល់ ម៉ោង៥ ព្រឹក ដើម្បីផ្អាករាល់ចរាចរណ៍ និងសេវាកម្មមិនចាំបាច់។ ដោយមើលឃើញពីភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃការឆ្លងជាសហគមន៍មួយនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលក៏បានចាត់វិធានការដាក់បម្រាមលើការធ្វើដំណើរឆ្លងខេត្តរយៈពេល ១៤ ថ្ងៃ និងលើសពីនេះទៅទៀតនោះ គឺការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅក្នុងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ថ្វីបើប្រទេសកម្ពុជា និងប្រជាពលរដ្ឋទាំងអស់កំពុងជួបប្រទះបញ្ហាប្រឈមក៏ដោយ សង្គមទាំងមូលនៅតែរក្សាបាននូវស្ថេរភាព និងភាពប្រក្រតីនៅក្នុងកម្រិតខ្ពស់មួយ ខណៈដែលប្រជាជនភាគច្រើនបន្តធ្វើការងារពីចម្ងាយ។ ដំណើរការដ៏រលូននេះ គឺជាសមិទ្ធផលនៃការជោគជ័យក្នុងការផ្គត់ផ្គង់បណ្តាញប្រកបដោយស្ថេរភាព ដែលផ្ដល់ដោយបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍បែបទំនើប។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធទូទាត់អេឡិចត្រូនិក វេទិកាកម្សាន្ត និងសំខាន់បំផុតនោះ គឺកម្មវិធីទំនាក់ទំនងជាច្រើន សុទ្ធសឹងតែដើរតួជាភ្នាក់ងារដ៏សំខាន់ក្នុងការសម្រួលដល់ប្រជាពលរដ្ឋ ឱ្យបំពេញការងារប្រចាំថ្ងៃរបស់ពួកគេពីទីតាំងណាមួយ ដែលជាភាពចាំបាច់មួយក្នុងបរិបទនេះ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅទូទាំងប្រទេសកម្ពុជាប្រកបដោយជោគជ័យ។

បណ្តាញទាំងនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់វិស័យសុខាភិបាល រួមមានដូចជាវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា រថយន្តសង្គ្រោះបន្ទាន់ និងឱសថស្ថានដែលដើរតួយ៉ាងសំខាន់ក្នុងការតាមដាននិងការព្យាបាលអ្នកជំងឺកូវីដ១៩។ វិស្វករទូរគមនាគមន៍នៅទូទាំងប្រទេស នៅតែបន្តបង្កើតនិងថែរក្សាបណ្តាញទូរគមនាគមន៍ និងធានាឱ្យបាននូវការតភ្ជាប់អ៊ីនធឺណិតសម្រាប់ប្រើប្រាស់ក្នុងការការប្រាស្រ័យទាក់ទងប្រកបដោយសុវត្ថិភាព និងស្ថេរភាពនៅតាមគេហដ្ឋាន មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។

ក្នុងកាលៈទេសៈនៃការរាតត្បាតនេះ វិស្វកររបស់ក្រុមហ៊ុន Huawei បាននិងកំពុងស្ថិតនៅជួរមុខក្នុងការធានានូវការផ្តល់អ៊ីនធឺណិត និងបណ្ដាញទាក់ទងដ៏រលូន។ បទសម្ភាសន៍ជាមួយវិស្វករ ផ្នែកសេវាកម្មរបស់ក្រុមហ៊ុន Huawei នឹងបើកបង្ហាញអំពីសារៈសំខាន់នៃការងាររបស់ពួកគេ និងឧបសគ្គមួយចំនួនដែលពួកគេប្រឈមក្នុងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជាផងដែរ។ ថ្មីៗនេះ លោក គីម ហៀង ប្រធានគម្រោងនៃការផ្តល់ប្រតិបត្តិការផ្នែកស្ថានីយ៍មូលដ្ឋានរបស់ក្រុមហ៊ុន Huawei បានទទួលគម្រោងបន្ទាន់ដើម្បីបង្កើនសមត្ថភាពនៃស្ថានីយ៍មូលដ្ឋាន (base station capacity) នៅជាប់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ។

តម្រូវការចាំបាច់របស់គម្រោងនេះ គឺការបង្កើនសមត្ថភាពមូលដ្ឋាន ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ។ បណ្តាញទំនាក់ទំនង នៅក្នុងមន្ទីរពេទ្យមានការកកស្ទះកាន់តែខ្លាំងឡើង ដោយសារតែតម្រូវការពីសំណាក់អ្នកប្រើប្រាស់រួមមាន ក្រុមគ្រូពេទ្យ អ្នកជំងឺ ក៏ដូចជាពលរដ្ឋទូទៅក្នុងតំបន់នោះមានការកើនឡើងជាលំដាប់ ព្រោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតត្រូវបានកំណត់ជាទីតាំងសម្រាប់ពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។

ពួកយើងដឹងច្បាស់អំពីស្ថានភាពគ្រោះថ្នាក់នៅតំបន់នោះ តែយ៉ាងណាក្ដីលោក គីម ហៀង នៅតែបន្តធ្វើប្រតិបត្តិការនៅក្នុងតំបន់ក្រហមនៃការឆ្លងមេរោគកូវីដ១៩(តំបន់ដែលមានហានិភ័យខ្ពស់) នោះតាមភារកិច្ច ហើយលោកក៏បានបន្តថា ការធ្វើឱ្យប្រសើរឡើងនូវស្ថានីយ៍មូលដ្ឋានមានសារៈសំខាន់ណាស់សម្រាប់បុគ្គលិកពេទ្យ និងសេវាពាក់ព័ន្ធក្នុងការជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជន និងដើម្បីធានាថាអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេត្រូវអាចទំនាក់ទំនងគ្នាបានយ៉ាងល្អជានិច្ច។

លោកនិងក្រុមការងារបានអនុវត្តតាមការណែនាំប្រកបដោយវិជ្ជាជីវៈ លើឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) និងបានបញ្ចប់ការតំឡើង និងធ្វើតេស្តលើឧបករណ៍ចាំបាច់ក្នុងការធានាឱ្យបាននូវភាពជឿជាក់ និងសុវត្ថិភាពនៃស្ថានីយបណ្តាញមូលដ្ឋានរបស់មន្ទីរពេទ្យចប់ជាស្ថាពរ។ ជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងប្រសិទ្ធភាពការងាររបស់លោកនិងក្រុមការងាររបស់ Huawei សេវាបណ្តាញនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មានការកើនឡើងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទាំងការបង្កើនសមត្ថភាពនិងភាពទុកចិត្តបានដែលអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងផ្នែកវេជ្ជសាស្ត្រសំខាន់ៗ និងការតភ្ជាប់កាន់តែប្រសើរឡើង សម្រាប់អ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេ។

អ្នកជំនាញបច្ចេកទេសម្នាក់របស់ក្រុមហ៊ុន Huawei ធ្វើការសាកល្បងល្បឿនបន្ទាប់ពីធ្វើការតំឡើងឧបករណ៍ស្ថានីយ៍មូលដ្ឋាន
រូបភាពមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការទំនាក់ទំនងរបស់ប្រទេសកម្ពុជាក្នុងកំឡុងពេលមានជំងឺរាតត្បាតនេះ លោក ផេន ម៉េងឡាយ វិស្វករផ្នែក architect (architect-engineer) របស់ក្រុមហ៊ុន Huawei និងក្រុមការងាររបស់លោកបានរៀបចំឡើងវិញ និងបង្កើនប្រសិទ្ធភាពបណ្តាញបញ្ជូនដែលមានបញ្ហាកកស្ទះខ្លាំងជាងគេនៅក្នុងរាជធានីភ្នំពេញ។

នៅមុន «ព្រឹត្តិការណ៍២០ កុម្ភៈ» លោករួមជាមួយបុគ្គលិកនៃក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ផ្សេងទៀត បានរៀបចំគម្រោងដើម្បីធ្វើឱ្យឧបករណ៍បញ្ជូនខ្នាតធំក្នុងប្រទេស (the backbone of internet traffic) មានលក្ខណៈកាន់តែល្អប្រសើរឡើង។ គម្រោងនេះធ្វើឡើងដើម្បីបង្កើនកម្រិតបញ្ជូនពី1GB ទៅ 10GB នៅទីតាំងមួយចំនួននិងពីកម្រិត 10GB ទៅ 50GB នៅទីតាំងមួយចំនួនផ្សេងទៀត ក្នុងរយៈពេល ២ ខែ។ ការចាប់ផ្តើមនៃជំងឺរាតត្បាតមិនត្រឹមតែបង្កើនការប្រឈមសម្រាប់ការបញ្ចប់គម្រោងតាមការរំពឹងទុកនោះទេ ស្រដៀងគ្នាទៅនឹងលោក គីមហៀង ដែរ លោកម៉េងឡាយ មានការព្រួយបារម្ភពីសុវត្ថិភាពក្រុមការងាររបស់លោក និងខ្លួនលោកផ្ទាល់ក្នុងបរិយាកាសរីករាលដាលយ៉ាងឆាប់រហ័សនេះ។

ក្នុងនាមជាវិស្វករ (architect-engineer) លោកផេន ម៉េងឡាយ បានសិក្សានិងរៀបចំគម្រោងដ៏ប៉ិនប្រសប់មួយដើម្បីកំណត់រចនាសម្ព័ន្ធ និងសម្រេចការតំឡើងទិន្នន័យ រួមទាំងការបញ្ចូលសំឡេងរោទិ៍នៅក្នុងបន្ទប់ពិសោធន៍ឧបករណ៍របស់ក្រុមហ៊ុន Huawei ។ លោកក៏បានរៀបចំផែនការលម្អិតសម្រាប់សុវត្ថិភាពនៅនឹងកន្លែង ការប្រមូលផ្ដុំវាស់វែងនិងរៀបចំផែនការ នីតិវិធីសាងសង់នៅពេលយប់ ដើម្បីកាត់បន្ថយការប៉ះពាល់ក្រុមរបស់គាត់ និងការការពារមិនឲ្យរំខានដល់ការប្រើប្រាស់បណ្ដាញក្នុងសហគមន៍ និងអាជីវកម្ម។ បន្ទាប់ពីការខិតខំប្រកបដោយភាពប៉ិនប្រសព្វ និងវិជ្ជាជីវៈបច្ចេកទេសរបស់លោក ម៉េង ឡាយ និងក្រុមការងារអស់រយៈពេល ១០យប់ជាប់គ្នា គម្រោងទាំងមូលត្រូវបានបញ្ចប់ដោយជោគេជ័យ។

គម្រោងនៃការអនុវត្តការបញ្ជូនទ្រង់ទ្រាយធំនេះ ដែលធ្លាប់ប្រើពេលរយៈពេលពីរខែ ត្រូវបានបញ្ចប់ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ ការតស៊ូនិងជំនាញបច្ចេកទេសរបស់លោក ម៉េង ឡាយ មិនត្រឹមតែបានឆ្លុះបញ្ចាំងថា «តម្រូវការចាំបាច់គឺជាឬសគល់នៃគំនិតច្នៃប្រឌិត» ប៉ុណ្ណោះទេ ប៉ុន្តែលោកបានធ្វើឱ្យបណ្ដាញទំនាក់ទំនង ក៏ដូចជាការផ្តល់សេវាអ៊ិនធឺណិត មានភាពប្រសើរឡើងនិងមានសមត្ថភាព សម្រាប់បម្រើជូនប្រជាជននិងសង្គមទាំងមូល ក្នុងការធ្វើការងារនិងសិក្សាពីចម្ងាយ ក៏ដូចជា ក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងបរិបទដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

វិស័យទូរគមនាគមន៍កាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងបរិបទនៃការរស់នៅថ្មីនៃជីវិតសម័យទំនើប។ ក្រុមហ៊ុន Huawei តែងតែបន្តខិតខំប្រឹងប្រែងបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួន និងធានាបានថាពួកគាត់មានជំនាញបច្ចេកទេសពិតប្រាកដ ក្នុងការសហការជាមួយដៃគូរពាក់ព័ន្ធប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានាឱ្យបាននូវការផ្តល់ជូនបណ្តាញ ដែលមានគុណភាពខ្ពស់បំផុតសម្រាប់រាជរដ្ឋាភិបាល សម្រាប់ប្រតិបត្តិការធុរកិច្ច អ្នកជំនាញវេជ្ជសាស្ត្រ និងសាធារណៈជនគ្រប់វិស័យ។

ក្រុមការងារសហការចម្រុះរបស់ក្រុមហ៊ុន Huawei បន្តផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមហ៊ុនប្រតិបត្តិករទាំងអស់ អ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ ក្រុមហ៊ុនសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានដូចជា ក្រសួងប្រៃសណីយ៍ និងទូរគមានគមន៍កម្ពុជា (MPTC) និង និយតករទូរគមនាគមន៍នៅកម្ពុជា (TRC) ។ កាលពីពេលថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏បានចេញនូវសេចក្តីណែនាំ ស្តីពីវិធានការដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពសេវាកម្មទូរគមនាគមន៍ដែលជំរុញឱ្យប្រតិបត្តិករទាំងអស់រក្សា និងបង្កើនការវិនិយោគដើម្បីផ្តល់នូវប្រព័ន្ធអ៊ិនធឺណិត ដែលមានតំលៃសមរម្យ សុវត្ថិភាព និងស្ថេរភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺពីការភ្ជាប់បណ្តាញថេរទៅជាបណ្ដាញដែលមានល្បឿនលឿន 5G បច្ចេកវិទ្យាសិប្បនិម្មិត(AI) និងសេវាកម្មCLOUD ជាដើម។ ជាងនេះទៅទៀត សេវាកម្មទូរគមនាគមន៍បានជួយសម្រួលដល់ដំណើរការនៃកម្មវិធីជាច្រើនដូចជា កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវីធីកម្សាន្ត និង កម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើនរាប់មិនអស់ ក្នុងវិស័យធនាគារ អាកាសធាតុ ផែនទី និងសំខាន់បំផុតនោះគឺ វិស័យសុខភាព និងការអប់រំ។

បច្ចេកវិទ្យានិងទំនាក់ទំនងពត៌មាន (ICT) គឺជាធាតុផ្សំដ៏សំខាន់ក្នុងការធ្វើទំនើបកម្មប្រទេសជាតិ ហើយក្រុមហ៊ុន Huawei ប្តេជ្ញាជួយប្រជាជនកម្ពុជាឱ្យកាន់តែបានជ្រួតជ្រាប និងយល់ច្បាស់ក៏ដូចជាចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងទំនាក់ទំនងពត៌មាននេះ។ ក្រុមហ៊ុន Huawei មានចក្ខុវិស័យក្នុងការជួយឱ្យប្រទេសកម្ពុជា ឈានជំហានទៅរកភាពតភ្ជាប់ដ៏ពេញលេញនិងឆ្លាតវៃ។

ឧទាហរណ៍របស់វិស្វកររបស់ក្រុមហ៊ុន Huawei លោក ផេន ម៉េងឡាយ និងប្រធានគម្រោងលោក អេង គឹមហៀង មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់បុគ្គលិកបច្ចេកទេសនៃក្រុមហ៊ុន Huawei ក្នុងការដោះស្រាយបញ្ហាស្មុគស្មាញក្នុងពេលមានវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញយ៉ាងច្បាស់ពីភាពស្មុគស្មាញនៃការថែរក្សា ការពង្រីក និងការលើកកម្ពស់បណ្ដាញទំនាក់ទំនង ដើម្បីធានាឱ្យបាននូវស្ថេរភាព និងសុវត្ថិភាពនៃឧបករណ៍ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ ទោះបីការលះបង់ និងខិតខំប្រឹងប្រែងទាំងអស់នោះ គឺសុទ្ធសឹងតែមិនត្រូវបានមើលឃើញក៏ដោយ។

ដូច្នេះហើយ ពេលអ្នកកំពុងធ្វើការពីផ្ទះ ចូលរួមការប្រជុំតាមរយៈ ZOOM ឬមើលវីដេអូតាមរយៈ YouTube សូមមេត្តាផ្ដល់ការនឹករលឹកចំពោះអ្នកបច្ចេកទេសនិងវិស្វករ Huawei ដែលបាននិងកំពុងធ្វើការយ៉ាងស្ងាត់ស្ងៀមបាំងពីភ្នែកមហាជន ដើម្បីផ្តល់អនាគតឌីជីថលដែលល្អប្រសើរ និងភ្លឺស្វាងសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕