(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា របស់កម្ពុជាត្រូវបានគេមើលឃើញពីផលចំណេញ ក្រោយការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា ២ក្រុម ដែលនាំឲ្យការប្រកួតជម្រុះ AFC Cup 2021 មានការប្រែប្រួល ពោលគឺពួកគេសល់តែ ១ប្រកួតប៉ុណ្ណោះដោយត្រូវជួបក្រុមទីម័រខាងកើត Lalenok United បន្ទាប់ពីការប្រកួត Play-Off ត្រូវបានលុបចោល ដើម្បីប្រជែងកៅអីវគ្គចែកពូល (Group Stage) នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ។
ប៉ុន្ដែក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ នៅតែមានក្ដីបារម្ភ ទោះបីពួកគេបានដកបន្លាធំមួយ គឺក្លិប Persipura Jayapura FC របស់ឥណ្ឌូនេស៊ី ដែលឈរចាំនៅវគ្គ Play-Off ហើយត្រូវបានបញ្ចូលក្នុងពូល H នៃវគ្គចែកពូលហើយក៏ដោយ។ ក្ដីបារម្ភរបស់ក្រុមសេះជំទង់នេះ គឺការខ្វះខាតពេលរៀបចំក្រុម ដ្បិតកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ធ្វើឲ្យពួកគេមិនទាន់អាចប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាបាន។
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខាបានបញ្ជាក់ថា «ចំពោះខ្ញុំគិតថា វាជាផលល្អមួយសម្រាប់ក្រុមយើង ដែលយើងលេងតែ ១ប្រកួត ដើម្បីចូល Group Stage តែមួយ គឺការលុបចោលការប្រកួតវគ្គ Play-Off ដែលជាវគ្គប្រកួតប្រជែងខ្លាំងជាមួយក្រុមនៅប្រទេសខ្លាំង ដូចជាក្រុមឥណ្ឌូនេស៊ី។ ក៏ប៉ុន្ដែឆ្លងតាមស្ថានភាពបច្ចុប្បន្ន យើងអាចជួបនូវបញ្ហារៀបចំក្រុមមិនសូវបានល្អ ដោយសារបញ្ហាកូវីដ-១៩ ធ្វើឲ្យយើងមានការ Lock down ហើយការហ្វឹកហាត់ និងការរៀបចំក្រុមមិនបានល្អ នេះគឺជាក្ដីបារម្ភរបស់យើង»។
យ៉ាងណាមិញក្លិបកំពុងធ្វើការជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដើម្បីរៀបចំការប្រកួត និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ដើម្បីរកដំណោះស្រាយក្នុងការប្រមូលផ្ដុំ ត្រៀមការប្រកួតដ៏សំខាន់នេះ។ អគ្គលេខាធិការក្លិបដដែលមានសុទិដ្ឋិនិយមថា ប្រសិនវិសាខា មានពេលវេលារៀបចំក្រុមគ្រប់គ្រាន់ ពួកគេនឹងមានសង្ឃឹមច្រើនក្នុងការប្រជែងកៅអីវគ្គចែកពូល ទោះបីលោកទទួលស្គាល់ក្លិប Lalenok United គឺជាក្រុមមួយល្អក៏ដោយ ពោលគឺលោកព្យាយាមដោះស្រាយគ្រប់បញ្ហា ដើម្បីឆ្លងផុតវគ្គជម្រុះ។
លោកបន្ដថា ការដកខ្លួនរបស់ក្រុមមីយ៉ាន់ម៉ា ២ក្រុម ពិតជាផ្ដល់ផលល្អសម្រាប់ក្រុមយើង តែអ្វីដែលបារម្ភ គឺពាក់ព័ន្ធជាមួយការរៀបចំក្រុម។ ចឹងខ្ញុំគិតថា យើងនឹងប្រឹងប្រែងរៀបចំ និងត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អ ដើម្បីទទួលឱកាសដ៏ល្អនេះ សម្រាប់ការឈានទៅដល់វគ្គ Group Stage ក្នុងពាន AFC Cup 2021។ ខ្ញុំសង្ឃឹមថា ក្រុមយើងនឹងអាចធ្វើបានក្នុងការប្រកួតនេះ ដោយយើងនឹងព្យាយាមដោះស្រាយរាល់បញ្ហាលំបាកទាំងឡាយ ដើម្បីឲ្យកីឡាករយើងបានហ្វឹកហាត់ជុំគ្នា និងរៀបចំខ្លួនឲ្យបានល្អមុនការប្រកួតមកដល់»។
សូមបញ្ជាក់ថា ដំបូងឡើយ វិសាខា ត្រូវឆ្លងកាត់ការប្រកួតជម្រុះ ២ដំណាក់កាល ទី១-ការប្រកួតវគ្គជម្រុះបឋម-ជុំទី២ (Preliminary stage-Round 2) ជាមួយក្លិប Lalenok United និងទី២-ក្រុមឈ្នះត្រូវលេងវគ្គ Play-Off ជាមួយក្លិប Persipura Jayapura FC តែដោយក្រុមមីយ៉ាន់ម៉ា ២ក្រុមបានដកខ្លួន រួមមានក្លិប Shan United និងក្លិប Hantharwady United សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីក៏សម្រេចបញ្ចូលក្លិប Persipura Jayapura FC ទៅក្នុងពូល H ជំនួសក្លិប Shan United តែម្ដង ជាមួយបេក្ខភាព ៣ក្រុមទៀត មានក្លិប Kedah (ម៉ាឡេស៊ី), Lion City Sailors FC (សិង្ហបុរី), និងក្លិប Saigon FC (វៀតណាម)។
ការណ៍នេះ បានធ្វើឲ្យវិសាខា នៅសល់ការប្រកួតជម្រុះតែ ១ប្រកួតប៉ុណ្ណោះដោយគ្រោងជួបក្រុម Lalenok United នាថ្ងៃទី១៩ ខែឧសភាខាងមុខ ដើម្បីប្រជែងកៅអីវគ្គចែកពូល តែមិនមែនពូល H ដែលជាគោលដៅដំបូងរបស់ក្រុមទាំងពីរឡើយ ពោលគឺប្ដូរទៅប្រជែងកៅអីពូល I វិញដែលមានក្លិប Kaya FC-Illoilo (ហ្វីលីពីន), Terengganu FC (ម៉ាឡេស៊ី) និងក្លិប Geylang International (សិង្ហបុរី) កំពុងឈរចាំ។ ប៉ុន្ដែការប្រកួតជម្រុះបឋមរបស់ក្រុមវិសាខា មកទល់ពេលនេះ AFC នៅមិនទាន់កំណត់ពេលវេលា និងទឹកដីកណ្ដាលត្រូវរៀបចំការប្រកួតនោះទេ៕